Phillipe Coutinho កំពុងមានគម្រោងក្នុងការដាក់ពាក្យសុំចូលជា សញ្ជាតិព័រទុយហ្គាល់ ដើម្បីជួយដល់ក្រុម Barcelona ក្នុងការចុះកុងត្រាយកកីឡាករ Arthur Meloពីក្លឹប Gremioនៅប្រេស៊ីល។
Coutinho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកូតាទាំងបីនាក់ ដែលមកពីក្រៅទ្វីបអឺរ៉ុប ដែលនេះមានន័យថា Barcelonaពុំមាននៅសល់កន្លែងសម្រាប់ទទួលយកកីឡាករពីក្រៅទ្វីបអឺរ៉ុបបន្ថែមទៀតនោះទេ។ ប៉ុន្តែ Coutinhoបានបញ្ជក់ប្រាប់រួចហើយថា រូបគេអាចប្ដូរសញ្ជាតិទៅជាព័រទុយហ្គាល់បាន ដោយសារប្រពន្ធរបស់គេជាជនជាតិព័រទុយហ្គាល់ស្រាប់។
ទោះជាយ៉ាងណាក៏ដោយ Coutinho នៅតែអាចលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលបានដដែល។ បច្ចុប្បន្ន Barcelonaមានកីឡាករពីក្រៅទី្វបអឺរ៉ុបចំនួន៣នាក់ គឺ Coutinho Paulinho និង Yery Mina ហើយក្លឹបកំពុងមានបំណងចុះកុងត្រាយកកីឡាករ ឆ្នើមវ័យក្មេង Arthur ពីក្លឹប Gremio បន្ថែមទៀត។
ក្នុងករណីនេះ Barcelona ត្រូវលក់កីឡាករម្នាក់ចេញក្នុងចំណោមកីឡាករទាំងបីនាក់នេះ ឬឲ្យពួកគេស្នើសុំចូលសញ្ជាតិជាពលរដ្ឋ នៃប្រទេសណាមួយដែលស្ថិតក្នុងទ្វីបអឺរ៉ុបហើយគេមើលឃើញថា មានតែ Coutinhoប៉ុណ្ណោះដែលសាកសមក្នុងការធ្វើរឿងនេះ ព្រោះគេមានភរិយាជាជនជាតិព័រទុយហ្គាល់ស្រាប់ ហើយគេបានរស់នៅអឺរ៉ុបច្រើនឆ្នាំមកហើយ ។
អតីតកីឡាករ Liverpoo l រូបនេះក៏មានគម្រោងវិលត្រលប់មកកាន់ទឹកដី Anfield វិញនាមុនពេល World Cupមកដល់ក្នុងការប្រកួតកម្ដៅសាច់ដុំមួយរវាងជម្រើសជាតិប្រេស៊ីលនិងក្រូអាស៊ី៕
Source: The Sun
អត្ថបទ៖ ម៉េងគា