លោក Jose Mourinho បានចេញមកស្ដីបន្ទោសបណ្ដាញសារព័ត៌មានដែលថា Paul Pogba នឹងចាកចេញពី Manchester United ដោយលោកពោល “ចេះតែនិយាយហ្មង!)ក្នុងសន្និសីទកាសែតមុនការប្រកួត FA Cup ជុំទី៤។
Pogba ត្រូវបានដកចេញពីឈុតជម្រើសដំបូងក្នុងការប្រកួតដែល Man Utd ឈ្នះ Huddersfield Town ២ទល់០ក្នុងកីឡដ្ឋាន Old Trafford នៃពាន Premier League កាលពីសប្ដាហ៍មុន ហើយចូលឆ្នាំ២០១៨នេះខ្សែបម្រើជម្រើសជាតិបារាំងហាក់បង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ ពិសេសថ្វីជើងរបស់គេអន់មែនទែន ពេលក្លឹបចាញ់ Newcastle United ១ទល់០។
ពីរប្រកួតចុងក្រោយ រូបគេត្រូវអង្គុយកៅអីបម្រុងហើយប្ដូរចូលនៅវគ្គទី២ ដែលធ្វើឲ្យបណ្ដាញផ្សព្វផ្សាយជាច្រើនសន្និដ្ឋានថាទំនាក់ទំនងរបស់ Pogba និងលោក Jose រង្គោះរង្គើហើយ។ ប៉ុន្តែក្នុងសន្និសិទកាសែតមុនការប្រកួតពាន FA Cup ជុំទី៤ជាមួយ Huddersfield Town លោកបាននិយាយទាំងខឹង និងបដិសេធរាល់ព័ត៌មានដែលថា លោកមានបញ្ហាជាមួយ Pogba ខណៈការធ្លាក់ទម្រង់លេងជាមូលហេតុឲ្យចាកចេញពីក្លឹប។
“ ពេលដែលអ្នកនិយាយពីព័ត៌មានចចាមអារ៉ាម អ្នកគួរតែនិយាយពីព័ត៌មានកុហក។ ខ្ញុំទទួលស្គាល់ ហើយក៏អាចនិយាយបានថា Pual ធ្លាក់ទម្រង់លេងពិតមែន តែមិនមែនដល់ថ្នាក់ចាកចេញនោះទេ”។
“ គាត់លេងមិនបានល្អក្នុងពីការប្រកួតចុងក្រោយពិតមែន រឿងគឺចប់ត្រឹមនេះ វាគឺជាបញ្ហារបស់ខ្ញុំហើយបញ្ហារបស់ Paul ទាក់ទងទៅនឹងកម្រិតនៃឥទ្ធិពលទម្រង់លេងរបស់គាត់ ។ មិនចាំបាច់ធ្វើជាអ្នកកុហកនោះទេ”។
“វាមិនពិបាកនិយាយទេដែល Pogba លេងមិនបានល្អទល់នឹង Newcastle ប៉ុន្តែអ្នកខ្លះ(អ្នកជំនាញ)ពួកគេត្រូវបានគេឲ្យលុយរាប់លាន ដើម្បីនិយាយកុហកហើយឲ្យមនុស្សទូទៅអានដែលវាមិនមែនជាការពិត។ អ្នកត្រូវបានគេចំណាយលុយឲ្យនិយាយ និងពន្យល់ការប្រកួតមួយដោយនិយាយកុហក”។
គ្រូបង្វឹកព័រទុយហ្គាល់បានបញ្ជាក់ថាអតីតកីឡាករ Juventus នឹងមានវត្តមានក្នុងជម្រើសដំបូងទល់នឹង Huddersfield Town នៅយប់ថ្ងៃសៅរ៍ពាន FA Cup ខណៈដែលខ្សែការពារកណ្ដាល Eric Bailly រឹងមាំគ្រប់គ្រាន់សម្រាប់ការប្រកួតនេះផងដែរ ក្រោយជាសះស្បើយពីរបួស៕