លោក Diego Maradona ត្រូវបានតែងតាំងជាប្រធានក្លិបបាល់ទាត់ Dinamo Brest នៅក្នុងលីគកំពូលប្រទេសបេឡារូស។ វីរបុរសបាល់ទាត់អាហ្សង់ទីនវ័យ៥៧ឆ្នាំរូបនេះបានចុះកិច្ចសន្យា៣ឆ្នាំហើយនឹងចូលកាន់តួនាទីនៅក្រោយព្រឹត្តិការណ៍ FIFA World Cup 2018។

លោក Maradona បានចុះចេញពីតួនាទីជាគ្រូបង្គោលក្លិប Al Fujairah នៃលីគទី២អេមីរ៉េតអារ៉ាប់រួមក្នុងខែមេសាឆ្នាំ២០១៨ ក្រោយខកខានក្នុងការនាំក្លិបនេះឈ្នះកៅអីលីគកំពូលដោយស្វ័យប្រវត្តិ។

ក្លិប Dinamo មានមូលដ្ឋាននៅទីក្រុង Brest ភាគនីរតីនៃប្រទេសបេឡារូស នៅជាប់ព្រំដែនជាមួយប្រទេសប៉ូឡូញ។ ពួកគេកំពុងស្ថិតក្នុងលេខរៀងទី៨ក្នុងក្របខ័ណ្ឌ Belarusian Premier League ហើយត្រូវប្រកួតផ្ដាច់ព្រ័ត្ Belarusian Cup នៅថ្ងៃសៅរ៍ទី១៩ខែឧសភាទល់នឹង Bate Borisov។ ក្លិបនេះបញ្ជាក់ថាតួនាទីរបស់លោក Maradona គឺរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្លិប។