ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Confederation Cup2017 ​វគ្គ​ជម្រុះ​ពូល​​ B ដែល​ធ្វើ​ការ​ប្រកួត​នៅ​ប្រទេស​រុស្សី​ បាន​ដឹង​លទ្ធផល​ហើយ​ដោយ​ក្រុម​ខ្លាំង​អាល្លឺម៉ង់​បាន​ត្រឹម​ស្មើ​ក្រុម​ជើង​ឯក​មក​ពី​អាមេរិក​ខាង​ត្បូង​ឈីលី ខណៈ​មួយ​គូ​ទៀត​ កាមេរ៉ូន​​ក៏​មិន​អាច​ឈ្នះ​អូស្ត្រាលី​បាន​ដែរ។

និយាយ​ពី​ក្រុម​អាល្លឺម៉ង់​វិញ ​ដែល​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ឈីលី​នោះ​គឺ​ ប្រកួត​ក្នុង​កីឡដ្ឋាន​ Kazan Arena វេលា​ម៉ោង​​១​ និង​០០​នាទី​យប់​។ ខ្សែ​ប្រយុទ្ធ Alexis Sanchez របស់​​ក្រុម​កាំភ្លើង​ធំ ​Arsenal ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ក្រុម​ជើង​ឯក Copa America នាទី​៦​ដើម​វគ្គ​ទី​មួយ។ រហូត​ដល់​នាទី​៤១​ជិត​ចប់​តង់​ទី​មួយ​ហើយ​ ទើប​ខ្សែ​ប្រយុទ្ធ Lars Stindl របស់​ក្លឹប​ Borussia Mönchengladbach​រក​គ្រាប់​តាម​ស្មើ​វិញ​ ខណៈ​វគ្គ​ទី​២​គ្មាន​ការ​បន្ថែម​គ្រាប់​បាល់​ទៀត​ទេ។

[youtube id=”hqbBKV8NLmI”]

មួយ​គូរ​ទៀត​ក្នុង​ពូល B នេះ​ដែរ ​ក្រុម​ជើង​ឯក​អាហ្វ្រិក​ កាមេរ៉ូន​ត្រឹម​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​ជាមួយ​ជើង​ឯក​អាស៊ី អូស្ត្រាលី។ ចុង​វគ្គ​ទី​មួយ​ពោល​គឺ​នាទី​៤៥​​ខ្សែ​បម្រើ​Andre Anguissaរបស់​ក្លឹប​ Marseille រក​គ្រាប់​បាល់​នាំ​មុខ​មុន​​ប៉ុន្តែ​ចូល​វគ្គ​ទី​២​  Mark Milligan ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​កង់ហ្គូរ៉ូ​អូស្ត្រាលី​តាម​ស្មើ​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​។

[youtube id=”tjMOJO7D37o”]

ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ ក្រុម​ឈីលី​និង​អាល្លឺម៉ង់​ឈរ​លេខ​១​លេខ​២ មាន​៤​ពិន្ទុ​ដូចគ្នា ​ខណៈ​អូស្ត្រាលី ​និង​កាមេរ៉ូន​ឆ្លង​កាត់​២​ប្រកួត​មាន​មួយ​ពិន្ទុ​ប៉ុណ្ណោះ​៕