ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកជាតិមិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៨ នឹងឈានដល់សប្ដាហ៍ទី៨នៅចុងសប្ដាហ៍នេះហើយ ក្នុងនោះក្រុមធំៗ៤ត្រូវប្រឈមមុខដាក់គ្នា។
នៅថ្ងៃសៅរ៍ទី២ខែមិថុនា ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត នឹងបើកកីឡដ្ឋានអេអ៊ីយូស្ប៉តផាក ស្វាគមន៍ក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង៣រសៀលក្នុងជំនួបផ្សាយផ្ទាល់ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាហៅកាត់ថា CNCC។ អាស៊ីអឺរ៉ុប កំពុងឈរលេខរៀងទី៩ក្រោយស្មើ១-១ជាមួយភ្នំពេញក្រោនសប្ដាហ៍មុន ចំណែក ក្រុមដែលអ្នកគាំទ្រច្រើនហៅខ្លីថាប៉ូលិសកំពុងឈរលេខរៀងទី៣ ក្រោយផ្ដួលវិសាខា ៣-១ក្នុងប្រកួតចុងក្រោយ។
ក្នុងថ្ងៃជាមួយគ្នា ក្រុមកំពូលតារាងណាហ្គាវើលដ៍ នឹងទទួលក្រុមចំណូលថ្មីកំពុងក្រសោបប្រជាប្រិយខ្លាំង វិសាខា នៅវាលស្មៅធម្មជាតិនៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ម៉ោង៦ល្ងាច ខណៈពហុកីឡដ្ឋានជាតិជាប់ប្រារព្ធកីឡាជាតិលើកទី២។ ការប្រកួតនេះនឹងធ្វើឡើងបន្ទាប់ពី បឹងកេត ប្រកួតជាមួយ អង្គរថាយហ្គឺរ ម៉ោង៣រសៀលនៅស្តាតចាស់ដូចគ្នា និងផ្សាយផ្ទាល់ដោយ BTV ទាំង២ប្រកួត។ វិសាខា ឈានចូលមកកាន់ការប្រកួតនេះបន្ទាប់ពីនាំចូលសមាជិកថ្មី កែវ សុខផេង និង សុខ សុវណ្ណ ប៉ុន្តែពួកគេទាំងពីរត្រូវរង់ចាំដល់ជើងទី២ទើបអាចចូលលេងលីគបាន។ ណាហ្គាវើលដ៍ មិនទាន់ស្គាល់ចាញ់នៅឡើយទេ ហើយ៦ប្រកួតចុងក្រោយឈ្នះជានិច្ច។
នៅថ្ងៃអាទិត្យទី៣ខែមិថុនា ភ្នំពេញក្រោណ ត្រូវធ្វើដំណើរទៅទឹកដីក្រុម វេស្ទើនភ្នំពេញ ដោយការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង៣រសៀល និងផ្សាយផ្ទាល់ដោយ CNCC ដំណាលគ្នានឹងការប្រកួតរវាងម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ជាមួយ សូលទីឡូអង្គរ ដែលផ្សាយផ្ទាល់ដោយទំព័រហ្វេសប៊ុកកម្ពុជាថ្មីប្រចាំថ្ងៃ។ វេស្ទើនភ្នំពេញ បានបរាជ័យគ្រប់ប្រកួតមកទល់ពេលនេះក្នុងរដូវកាល២០១៨ ស្របពេលក្រោនដែលពោរពេញដោយយុវជន កំពុងឈរលេខរៀងពាក់កណ្ដាលតារាង ក្រោយឈ្នះ៣ ស្មើ២ ចាញ់២។
គូបិទឆាកសប្ដាហ៍ទី៨កាន់តែជក់ចិត្ត គឺជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ក្រសួងការពារជាតិ ម៉ោង៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង ផ្សាយផ្ទាល់ដោយ BTV។ ការពារជាតិឈានចូលមកកាន់ប្រកួតនេះជាមួយស្ថិតិបរាជ័យ៣ប្រកួតចុងក្រោយជាប់ៗគ្នា កំពុងឈរលេខរៀងទី៨ ស្របពេលគ្រូបង្គោល ភា សុភ័ក្ត្រា កំពុងជាប់បម្រាម។ រីឯក្រុមលោក Conor Nestor ដែលកំពុងឈរលេខរៀងទី៥ បានស្ដារទំនុកចិត្តក្រោយវាយបកផ្ដួល សូលទីឡូអង្គរ ២-១ សប្ដាហ៍មុន បន្ទាប់ពីចាញ់ បឹងកេត ក្នុងសប្ដាហ៍ទី៦៕
ប្រភព & រូបភាព៖ CNCC