ខ្សែការពារវិសាខា រស់ សំអឿន បង្ហើបថា រូបគេមានអារម្មណ៍ប្លែកតែម្ដង ពេលប៉ះបឹងកេតក្នុងជំនួបក្របខណ្ឌ Metfone Cambodian League ថ្ងៃអាទិត្យ ទី១៧ មិថុនា ព្រោះរដូវកាលមុនធ្លាប់រួមក្រុមនឹងគ្នាជាមួយមិត្តចាស់ តែលើកនេះប្រែជាគូប្រជែងវិញ។

សមាជិកក្រុមជម្រើសជាតិកម្ពុជាបង្ហើបថា ធ្លាប់មានការសហការគ្នាយ៉ាងល្អពេលលេងនៅក្លិបចាស់ជាមួយមិត្តរួមក្រុម តែយ៉ាងណា រូបគេនឹងប្រឹងប្រែងដើម្បីជួយទ្រនំបច្ចុប្បន្នទទួលបានលទ្ធផលវិជ្ជមាន។

រស់ សំអឿន បញ្ជាក់បែបនេះ ៖ “ខ្ញុំមានអារម្មណ៍ថាប្លែកដែរហ្នឹងណាបង ព្រោះកាលពីរដូវកាលមុនធ្លាប់តែលេងក្រុមជាមួយគ្នា និងសហការគ្នា ដល់រដូវកាលថ្មីជាគូប្រកួតនឹងគ្នាវិញ ។ តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែខិតខំប្រឹងប្រែងជួយក្រុមថ្មីរបស់ខ្ញុំដើម្បីទទួលយកជ័យជម្នះឲ្យបាន”។

គួរដឹងដែរថា រស់ សំអឿន បានចំណាយពេល៥រដូវកាលនៅបឹងកេត ជាទីរូបគេរួមចំណែកឈ្នះជើងឯក Metfone Cambodian League ២ដង គឺនៅឆ្នាំ២០១៦ និង ២០១៧ ព្រមទាំងក្រសោបបានប្រជាប្រិយយ៉ាងច្រើនពីអ្នកគាំទ្រក្រុមចាស់មួយនេះ។

ប្រភព & រូបភាព៖ CNCC