បន្ទាប់ពីចាញ់ក្រុម Alaves ក្នុងទឹកដីខ្លួនឯង៤ទល់០កាលពីយប់មិញក្រុម Las Palmas ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ La Ligaហើយ ដោយសារតែពួកគេលក់កីឡាករសំខាន់ៗចេញអស់ជាមូលហេតុមួយ។
ទោះបីជាបាត់បង់លោក Quique Setien ទៅដឹកនាំ Real Betis ហើយប្រធានក្រុម Roque Mesa ទៅឲ្យ Swansea City កាលពីដើមរដូវកាល ក្ដីសង្ឃឹមរក្សាដំណែងក្នុងក្របខ័ណ្ឌ La liga ហាក់មានកម្រិតខ្ពស់ក្រោយក្លឹបបង្ហាញទម្រង់លេងកាលពីរដូវកាលមុនក្រោយរក្សាបានខ្សែប្រយុទ្ធ Vitolo ដែលត្រូវលេងខ្ចីជើងពី Atletico Madrid។
ប៉ុន្តែដោយសារកីឡាករជម្រើសជាតិអេស្ប៉ាញរបួសត្រូវនៅក្រៅទីលានដល់ទៅ៦ខែហើយក្លឹបហាក់លេងមិនសូវល្អទៀតនោះ ពួកគេស្ថិតក្នុងវិបត្តិ។
បន្ទាប់ពីធ្លាក់ដល់លំដាប់ទី៣រាប់ពីបាតតារាងកាលពីខែតុលាមកពួកគេមិនដែលឡើងផុតពីតំបន់នេះឡើយ។ការមកដល់របស់លោក Paco Jemez ដែលមកដឹកនាំក្នុងខែធ្នូបានធ្វើឲ្យក្លឹបមួយនេះមានសុទិដ្ឋិនិយមឡើងវិញប៉ុន្តែការលក់កីឡាករ Jonathan Viera ក្នុងខែកុម្ភៈបានធ្វើឲ្យពួកគេកាន់តែដុនដាប។
ចាប់តាំងពីពេលនោះមកពួកគេមិនដែលឈ្នះសោះឡើយហើយពេលនេះពួកគេចូលរួមជាមួយMalaga ទៅលេងនៅលីកទី២៕