សហព័ន្ធបាល់ទាត់ពិភពលោកបានបញ្ចេញបាល់ថ្មីសម្រាប់ប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ពោលគឺមានលក្ខណៈខុសប្លែកពីបាល់លេងវគ្គសន្សំពិន្ទុតាមពូល។
បាល់ដែលផលិតដោយក្រុមហ៊ុន Adidas នេះមានឈ្មោះថា Telstar Mechta មានការរចនាជាពណ៌ក្រហម។ Mechta ក្នុងភាសារុស្ស៊ីមានន័យថា “ក្ដីស្រមៃ” ឬក៏ “មហិច្ឆតា”។ ពណ៌ក្រហមត្រូវបានជ្រើសរើសដោយម្ចាស់ផ្ទះផ្ទាល់ ហើយ Telstar Mechta មានភាពខុសគ្នាពីបាល់ Telstar 18 ដែលប្រើវគ្គចែកពូល ត្រង់ពណ៌ជាពិសេស។
និយាយពីបាល់ Telstar 18 ពណ៌ខ្មៅវិញគឺ Adidas ច្នៃចេញពីបាល់ World Cup ដំបូងរបស់ខ្លួននៅ World Cup ឆ្នាំ១៩៧០ មានពណ៌.ស លាយខ្មៅដែលប្រជាជនខ្មែរនិយមហៅថាបាល់ “ប៉េលេ”។ Telstar 18 ផលិតឡើងក្នុងប្រទេសប៉ាគីស្ថាននៃតំបន់អាស៊ី។
បាល់នេះបានបង្ហាញខ្លួនផ្លូវការនៅទីក្រុងមូស្គូកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពាក្យថា Telstar ជាពាក្យ២រួមបញ្ចូលគ្នាគឺ Tel = Television ប្រែថាទូរទស្សន៍ និង Star ប្រែមកថាផ្កាយ៕