ភ្នាក់ងារ​កីឡាករ​ដ៏​ល្បីល្បាញ​លោក Mino Raiola បាន​ទម្លាយ​ថា​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Nice កីឡាករ Mario Balotelli អាច​នឹង​ត្រឡប់​ទៅ​លេង​នៅ​អង់គ្លេស​ ​ឬ​ក៏​អ៊ីតាលី​វិញ។

Raiola បាន​បន្ត​ទៀត​ថា​ Mario Balotelli មាន​តម្លៃ​១០០​លាន​អឺរ៉ូ​ ហើយ​ជិត​នឹង​ផ្ទេរ​ទៅ​លេង​នៅ​អ៊ីតាលី​ឬ​ក៏​អង់គ្លេស​វិញ​ហើយ​។ កីឡាករ​វ័យ​២៧​ឆ្នាំ​នឹង​ផុត​កុងត្រា​ជាមួយ ​Nice ពេល​ចប់​រដូវ​កាល ​ក្រោយ​រក​បាន​២១​គ្រាប់​ក្នុង​២៩​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​ឲ្យ​ក្លឹប​។

ភ្នាក់​ងារ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ បាន​និយាយ​ថា​មាន​ក្លឹប​២​ទៅ​៣​ដែល​បាន​ចាប់​អារម្មណ៍​ Balotelli ហើយ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គាត់​បដិសេធ​ពី​ការ​ត្រឡប់​ទៅ​លេង​នៅ ​AC Milan វិញ​របស់​កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​បាន​៣៣​ដង​រូប​នេះ។

“​Mario ត្រៀម​ខ្លួន​ត្រឡប់​ទៅ​លេង​នៅ​អ៊ីតាលី​វិញ​ហើយ​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ម្នាក់ ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​១០​នាក់​ ហើយ​ជា​កីឡាករ​លេខ​មួយ​របស់​អ៊ីតាលី” Raiola និយាយ​ក្នុង​កាសែត​ RAI។

“ គាត់​មាន​តម្លៃ​១០០​លាន​អឺរ៉ូ ​​ប៉ុន្តែ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ ដូច្នេះ​ហើយ​បើ​ចង់​បាន​ អាច​ចរចា​បាន។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស ​និង​អ៊ីតាលី​។ ​ខ្ញុំ​បាន​និយាយ​​ជាមួយ​ Juventus, Roma, Napoli, Inter។ AC Milan? ទេ!​ ពី​ព្រោះ​មាន​ Mirabelli ហើយ​នឹង​ខ្ញុំ​មិន​អាច​និយាយ​ជាមួយ​គាត់​បាន​ទេ​។​ខ្ញុំ​គ្មាន​អំណាច​អី​និយាយ​ជាមួយ​គាត់​ទេ”

មុន​លេង​នៅ​ Nice កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ធ្លាប់​លេង​នៅ​ Inter, Milan ក្នុង​ក្របខ័ណ្ឌ​ Serie A និង​ Man City, Liverpool ក្នុង​ក្របខ័ណ្ឌ Premier League៕