ប្រធានសហព័ន្ធបាល់ទាត់បារាំង(FFF)មានឥទ្ធិពល នឹងបដិសេធគ្រប់សំណើនៃការត្រឡប់មកចូលជម្រើសជាតិវិញ របស់ខ្សែប្រយុទ្ធ Karim Benzema ក្នុងការប្រកួត World Cup ឆ្នាំក្រោយ។
កីឡាកររបស់ក្លឹប Real Madrid វ័យ២៩ឆ្នាំធ្លាប់បានចូលលេងក្នុងជម្រើសជាតិបារាំង៨១ប្រកួត ប៉ុន្តែរូបគេខកខានតាំងពីឆ្នាំ២០១៥ ដោយសាររឿងអាស្រូវវីដេអូអាសអាភាសដ៏ស្មុគស្មាញ។ រូបគេគឺជាមនុស្សម្នាក់ក្នុងចំណោម៣ទៅ៤នាក់ ដែលជាប់ទាក់ទង ទៅនឹងសារវីដេអូជំរិតមិត្តរួមក្រុមបារាំង Mathieu Valbuena ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Fenerbahce។
បន្ទាប់ពីដកចេញពីក្រុមជម្រើសជាតិកាលលេងក្នុងពាន Euro 2016 ក្រោមការដឹកនាំរបស់លោក Didier Deschamps មកដល់ពេលនេះ នៅតែគ្មានពន្លឺណាមួយអាចបានចូលលេងវិញនោះទេ។ ក្នុងករណីនេះប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Neol Le Graet បាននិយាយក្នុងវិទ្យុ RMC កាលពីថ្ងៃពុធថា៖ អ្នកគួរតែធ្វើគធ្វើថ្លង់ ធ្វើខ្វាក់ដើម្បីឲ្យយល់ថាហេតុអ្វីមិនជ្រើសរើសគាត់ វាគ្មានធ្វីដែលអាចចោទជាសំណួរបាននោះទេ”។
“ វាគួរតែនិយាយបានថា យើងមានកីឡាករប្រកបដោយទេពកោសល្យ ក្នុងតំបន់ប្រយុទ្ធជាក់លាក់មួយរួចទៅហើយ គឺយើងមិនចាំបាច់ត្រូវការគាត់នោះទេ បញ្ហាត្រូវបានដោះស្រាយតាំងពី២ឆ្នាំមុនមកម្ល៉េះ”៕