អតីតកីឡាកររបស់ Manchester United ម្នាក់លោក Gary Neville ជឿថា David De Gea ជាកីឡាករមិនអាចបញ្ឈប់ភាពខ្លាំងរបស់ខ្លួនបានទេ ហើយរូបនេះជាកីឡាករលំដាប់ World Class តែម្នាក់គត់របស់បិសាចក្រហម។
និយាយក្នុងគេហទំព័រ Goal អតីតកីឡាករដែលបានក្លាយជាអ្នកជំនាញវិភាគបាល់ទាត់ បាននិយាយយ៉ាងច្រើនពីក្រុមកីឡាកររបស់លោក Jose Mourinho ហើយអ្វីដែលគេចាប់អារម្មណ៍ត្រង់សម្ដីមួយឃ្លាំនេះ៖”De Gea ជាកីឡាករលំដាប់ World Class តែម្នាក់គត់ដែល Manchester United មាន។ គាត់ជាកីឡាករដែលខ្ញុំអាចនិយាយបានថា បង្ហាញថ្វីដៃកម្រិតពិភពលោក”។
ពិបាកនឹងប្រកែកជាមួយនឹងគំនិតរបស់ Neville ណាស់ ព្រោះអីអ្នកចាំទីជម្រើសជាតិអេស្ប៉ាញគឺជាម្ចាស់ជយលាភីកីឡាករល្អបំផុតរបស់ Man Utd ចាប់តាំងពីឆ្នាំ ២០១៣ ដល់ ២០១៦។ក្នុងរដូវកាល ២០១៧-១៨ នេះរូបគេក៏នៅតែបង្ហាញថាកម្រិតសមត្ថភាពលំដាប់ World Class របស់គាត់មិនស្រកស្រុតនោះទេ។
អ្នកចាំទីដៃទីមួយរបស់ជម្រើសជាតិអេស្ប៉ាញរូបនេះ បានជួយស្រោចស្រង់ Man Utd ជាច្រើនប្រកួតរួចមកហើយ ពិសេសក្នុងការប្រកួតជើងទីមួយ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយទល់នឹង Sevillaដោយបានសង្គ្រោះបាល់ដ៏ខ្លាំងពីកម្លាំងទាត់របស់ Luis Muriel ហើយលោក Jose Mourinho សង្ឃឹមថាកីឡាករវ័យ២៧ឆ្នាំនឹងរក្សាថ្វីដៃរបស់ខ្លួនដូចកាលប្រកួតជើងទីមួយ ពេលពួកគេត្រូវជួបគ្នានៅ Old Trafford ៕