ទម្រង់លេងល្អនិងក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ប្រចាំក្លឹបខ្សែប្រយុទ្ធរបស់ Espanyol កីឡាករ Gerard Moreno និង ខ្សែប្រយុទ្ធ Mariano របស់ Lyon កំពុងតែឈានទៅរកកៅអីមួយក្នុងជម្រើសជាតិអេស្ប៉ាញនៅ World Cup ក្រោយគ្រូបង្វឹករើសមកប្រមូលផ្ដុំក្នុងបញ្ជីដំបូងដោយលោក Julen Lopetegui សម្រាប់លេងមិត្តភាពទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់និងអាហ្សង់ទីន។
កីឡាករ២រូបនេះត្រូវបានគេឃើញក្នុងបញ្ជីឈ្មោះ៥០នាក់ដំបូងហើយបញ្ជីចុងក្រោយបំផុតនឹងកាត់យកតែ២៣នាក់សម្រាប់ជិះយន្តហោះទៅរុស្សី។ Moreno កំពុងបង្ហាញទម្រង់លេងដ៏ល្អពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ខណៈដែលខ្សែប្រយុទ្ធជួរមុខរបស់ Lyon កំពុងតែផលិតគ្រាប់បាល់បានច្រើនបំផុតប្រចាំក្លឹប ហើយរូបគេក៏ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីដំបូងតែកាលពីឆ្នាំមុន។
ពួកគេកំពុងតែប្រជែងជាមួយកីឡាករដែលមានឈ្មោះស្រាប់ក្នុងបញ្ជីជម្រើសជាតិគឺ Rodrigo, Aspas, Diego Costa ខណៈចុងក្រោយគេគឺ Morata ដែលហាក់ធ្វើមិនបានល្អចាប់តាំងពីរចូលឆ្នាំ២០១៨មក។ ឱកាសរបស់ Lucas Vazquez ក៏មានភាគរយច្រើនដែរក្រោយឡើងជើងប៉ុន្មានប្រកួតចុងក្រោយហើយដំណែងប្រយុទ្ធស្លាបស្ដាំនឹងអាចក្លាយជារបស់គេដោយប្រជែងជាមួយ Vitolo, Saraia, Suso, Callejon, Pedro, Mata និងLuiz Alberto។ Portu ក៏ជាកីឡាករម្នាក់ដែលបង្ហាញទម្រង់លេងឲ្យ Girona ដែរ។
កីឡាករដែលនឹងប្រយុទ្ធយកឈ្មោះក្នុងបញ្ជីចុងក្រោយគឺ Rodri, Jaume Costa (Villarreal), Javi Martinez (Bayern) Illarramendi( Sociedad), Escudero (Sevilla), Sergio Roberto (Barcelona)៕