ខ្សែបម្រើប្រយុទ្ធ Mesut Ozil អាចនឹងត្រូវជ្រុះចេញពីបញ្ជី២៣រូបទៅព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី ក្រោយពីអាចអវត្តមានក្នុងការប្រកួតមិត្តភាពប៉ះអារ៉ាប៊ីសាអ៊ូឌីតនាថ្ងៃសៅរ៍ខាងមុខ ដោយសារតែមាននបញ្ហារបួសជង្គង់កម្រិតស្រាល។
សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានជូនដំណឹងកាលពីម្សិលមិញអំពីអវត្តមានរបស់ខ្សែបម្រើ Arsenal រូបនេះ ក្នុងជំនួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនាចុងសប្ដាហ៍ខាងមុខ ដែលជាប្រកួតកម្ដៅសាច់ដុំចុងក្រោយមុនព្រឹត្តិការណ៍ World Cup។
សហព័ន្ធលើកឡើងថា កីឡាករខាងលើនេះមានបញ្ហារបួសជង្គង់ “កម្រិតស្រាល” ហើយការសម្រេចចិត្តមិនឲ្យ Ozil ចូលលេងនេះ គឺ”គ្រាន់តែជាការបង្ការទុកមុន” ដើម្បីបើកផ្លូវឲ្យខ្សែបម្រើសម្រាកព្យាបាលដើម្បីសះស្បើយពីរបួស។
Ozil បានស៊ុតចូលមួយគ្រាប់ក្នុងការប្រកួតមិត្តភាពដែលអាល្លឺម៉ង់ចាញ់អូទ្រីសក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ទោះជាយ៉ាងណា តាំងពីពេលនោះមក ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ត្រូវបានរាយការណ៍ថា បានពើបប្រទះនឹងបញ្ហាជង្គង់។