កាលពីម្សិលមិញ ខ្សែការពារ Samuel Umtiti បានសម្រេចបន្តកិច្ចសន្យាថ្មីនៅ FC Barcelona ដល់ដំណាច់រដូវកាល២០២៣ ដោយបញ្ចប់ការចង់បានរបស់ក្រុមបិសាចក្រហម Manchester United រួមជាមួយនឹង PSG។

គួររំលឹកថា កីឡាករសញ្ជាតិបារាំងបានផ្ទេរពី Lyon មកកាន់ទឹកដី​ Camp Nou កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃ២៥អឺរ៉ូ ហើយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៨៨លើកឲ្យក្រុមរហស្សនាមអ្នកមានបុណ្យ។

ក្នុងរយៈពេល២ឆ្នាំនេះ Samuel Umtiti បានឈ្នះពានរង្វាន់ La Liga, Copa del Rey ២សម័យ និង Supercopa de España ១លើកផងដែរ។

កាល​ពី​កុងត្រា​ចាស់ តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​បារាំង​ត្រឹម​តែ ៦០លាន​អឺរ៉ូ​ប៉ុណ្ណោះ (ជាង ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ។ យ៉ាង​នេះ​ក្ដី តម្លៃ​ទិញ​ផ្ដាច់​នេះ បាន​ឡើង​រហូត​ដល់​ទៅ ៥០០ លាន​អឺរ៉ូ (ជាង ៥៨៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ក្រោយ​កីឡាករ​បាន​ចុះ​កុងត្រា​ថ្មី​ក្នុង​ថ្ងៃ​នេះ។