គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ ​Arsenal លោក  Arsene Wenger បាន​ប្រកាស​ថា​លោក​នឹង​ចាក​ចេញ​ពី​ក្រុម​មួយ​នេះ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ។

ការ​ចាក​ចេញ​នេះ​មាន​ន័យ​ថា​លោក​នឹង​ឈប់​ធ្វើ​ជា​គ្រូ​បង្វឹក​មុន​ពេល​ផុត​កុង​ត្រា​ជាមួយ​ក្លឹប​មុន​មួយ​ឆ្នាំ​។ Arsenal កំពុង​ឈរ​លេខ​៦​ក្នុង​រដូវ​កាល​នេះ​ក្រោយ​ខកខាន​ដណ្ដើម​ដំណែង ​Top 4 ២​រដូវ​កាល​ជាប់​គ្នា ​​ខណៈ​ដែល​ក្ដី​សង្ឃឹម​តែ​មួយ​គត់​ដែល Arsenal បាន​លេង ​Champions League ​គឺ​ឈ្នះ​ពាន ​Europa League។

Wenger វ័យ​៦៨​ឆ្នាំ​ធ្លាប់​ឈ្នះ​ពាន​ Premier League ៣​ដង​និង​ពាន​ FA Cup ៧​ដង​ហើយ​នៅ​ឆ្នាំ​១៩៩៨​និង​២០០២​លោក​នាំ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​លីគ​ផង​និង​ខាប់​ផង។ សម្រង់​សម្ដី​ចុះ​ផ្សាយ​ក្នុង​កាសែត ​BBC លោក​បាន​និយាយ​ថា​៖” ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ផ្ដល់​សិទ្ធ​ឲ្យ​ខ្ញុំ​ដឹកនាំ​ក្លឹប​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ ខ្ញុំ​ដឹកនាំ​ក្លឹប​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​និង​សុចរិត​ភាព​។ ជូន​ទៅ​ដល់​អ្នក​គាំទ្រ​ ចូរ​រក្សា​តម្លៃ​ក្លឹប”។

ដឹកនាំ​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៦​ Wenger គឺ​ជា​គ្រូ​បង្វឹក​នៅ​ Premier League ដែល​កាន់​តួនាទី​គ្រូ​បង្វឹក​យូរ​ជាង​គេ​បំផុត​ហើយ​នាំ​ក្លឹប​ប្រកួត​បាន​៨២៣​ប្រកួតឈ្នះ ៤៧៣ ស្មើ ១៩៩​និង​ចាញ់ ១៥១​ប្រកួត៕