កីឡាករពិការកម្ពុជាផ្នែករទេះជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាត្រូវចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី  កំពុងបង្កើនការហ្វឹកហាត់ជារៀងរាល់ថ្ងៃ នៅពហុកីឡដ្ឋានជាតិ ខណៈដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តិឡើងក្រោយបញ្ជប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩  នៅទីក្រុង ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ១ខែ ។

លោក ឡាក់ ឡុច គ្រូបង្វឹកកីឡាពិការ បានឲ្យដឹងថា អត្តពលិកពិការផ្នែករទះប្រមូលផ្តុំផ្តើមហ្វឹកហាត់ តាំងពីដើមឆ្នាំមកម្លេះជារៀងរាល់ថ្ងៃ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា តម្រូវឲ្យបន្ថែមការហ្វឹកហាត់នៅពេលល្ងាចទៀត ដើម្បីធ្វើឲ្យអត្តពលិកពិការកម្ពុជាបានបង្កើនសិទ្ធផល សមត្ថភាពបច្ចេកទេសឲ្យបានកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងដណ្តើមមេដាយ ពីព្រឹត្តិការណ៍អន្តរជាតិ អាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី នាចុងឆ្នាំ២០១៧នេះ។

គ្រូបង្វឹករូបនេះបន្ថែមទៀតថា អំឡុងពេលខិតខំហ្វឹកហាត់នេះ ក្រុមកីឡាជនពិការនៅខ្វះខាតទាំងសម្ភារៈហ្វឹកហាត់ ក៏ដូចជាថវិកា ព្រមទាំងអាហារូបត្ថម្ភ ក្នុងការបង្កើនថាមពលកម្លាំងជាដើម ដូច្នេះហើយលោកគ្រូសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភដល់ក្រុមកីឡាជនពិការនេះផង ព្រោះក្នុងពេលហ្វឹកហាត់នេះក្រុមរបស់លោកជួបការលំបាកយ៉ាងខ្លាំង។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏ពួកគេនៅតែប្តេជ្ញារួមគ្នា ក្នុងការហ្វឹកហាត់បង្កើនសិទ្ធផល គ្រាដែលពួកគាត់ហ្វឹកហាត់អស់រយៈពេលជាង៧ខែមកនេះក៏ដោយ ដើម្បីដណ្តើមមេដាយពីអន្តរជាតិ មកជូនជាតិមាតុភូមិផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍ អាស៊ានប៉ារាហ្គេម លើកទី៨ នៅប្រទេសសិង្ហបូរី កាលពីឆ្នាំ២០១៥ កន្លងទៅ អត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ២ គ្រឿង៕