នៅមុនពេលចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ Asian Indoor Tug of War Championships 2017 កាលពីព្រឹកមិញនេះ អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធទាញព្រ័ត្រកម្ពុជា បានឲ្យដឹងថា នេះជាការចេញដំណើរទៅប្រកួតលើកដំបូងរបស់់កីឡាទាញព្រ័ត្រកម្ពុជា នៅក្រៅប្រទេស ហើយអ្នកស្រីមានក្តីបារម្ភណាស់ ចំពោះការឈានជើងចូលរួមលើកដំបូងព្រឹត្តិការណ៍ដ៏ធំនេះ។


អគ្គលេខាធីការសហព័ន្ធរូបនេះ បានបន្ថែមទៀតថា ការចេញទៅប្រកួតព្រឹត្តិការណ៍ថ្នាក់ទ្វីបអាស៊ីនេះ សហព័ន្ធបញ្ជូនប្រតិភូចំនួន ១៥រូបចូលរួម ក្នុងនោះមានកីឡាករ ១០នាក់ ដោយថ្ងៃទី១១ ខែសីហា ក្រុមកីឡាករទាញព្រ័ត្រធ្វើការថ្លឺងទម្ងន់ និងប្រជុំបច្ចេកទេស ចាប់ឆ្នោតចែកពូល ហើយថ្ងៃទី១២ ត្រូវចូលរួមពិធិបើការប្រកួតតែម្តង។

អ្នកស្រី បន្ថែមទៀតថា “ចំពោះការប្រកួត Asian Indoor Tug of War Championships 2017  នៅប្រទេសសឹង្ហបុរីនេះ ខ្ញុំមិនទាន់ដឹងថាក្រុមកម្ពុជាស្ថិតនៅពូលណានៅឡើយទេ ដោយខ្ញុំគិតថា គេនឹងបែងចែកជាពីរពូល A និងពូល B ។ បើតាមការគិតរបស់ខ្ញុំ ក្នុងពូល A ប្រាកដជាមាន ៣ក្រុម និងពូលមាន ៤ក្រុម ហើយខ្ញុំសង្ឃឹមថាកម្ពុជាយើងនិងចាប់ឆ្នោតស្ថិតនៅពូល A ដែលមាន ៣ក្រុម ដែលមានក្រុមម៉ាឡេស៊ី និងក្រុមប្រ៊ុយណេប៉ុណ្ណោះ”។ សម្រាប់អ្វីដែលជាឧបស័គ្គរបស់កម្ពុជា គឺមិនចង់ប៉ះ ក្រុមខ្លាំងៗ ដូចជាក្រុមកោះតៃវ៉ាន់ ចិន ជាពិសេសគឺ ក្រុមម្ចាស់ផ្ទះសឹង្ហបុរី នៅជុំដំបូងនៃព្រឹត្តិការន៍ទាញ់ព្រ័ត្រថ្នាក់អាស៊ីនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Indoor Tug of War Championships 2017 មាន ៧ប្រទេសចូលរួក្នុងនោះមាន​ម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ប្រ៊ុណេ ណេ​ប៉ាល់ ឆាយ​នី​ស​តៃប៉ិ ចិន ដោយកម្ពុជាប្រកួតក្នុប្រភេទទម្ងន់សរុប ៦៤០គីឡូក្រាម ដែលមានកីឡាករ ១០រូបប្រកួត។