ការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាពកម្ពុជា-ចិន នឹងដំណើរការប្រកួតផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ នៅទីលានកីឡាវាយសីរបស់សហ ព័ន្ធនៃពហុកីឡដ្ឋានជាតិ។
លោក ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ការប្រកួត កីឡាវាយ សីពានរង្វាន់មិត្តភាពកម្ពុជា លើកទី៣ ដែលដំណើរការប្រកួតផ្លូវការនៅថ្ងៃទី២២ ខែមេសា ហើយការប្រកួតនឹង ត្រូវប្រើប្រាស់រយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២២ ខែមេសា ថ្ងៃ ទី២៩ ខែមេសា ថ្ងៃទី៦ ខែ ឧសភា និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។
លោកបន្តថា ការប្រកួតនេះមាន៤វិញ្ញាសាដាក់ឱ្យប្រកួត ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ រួមមាន វិញ្ញាសា ប្រកួតជាក្រុមបុរស ប្រកួតវាយគូរបុរសនារី ប្រកួតឯកត្ដជនបុរស និងប្រកួតវាយគូរ បុរស។ ការប្រកួតពានរង្វាន់មួយនេះ សហព័ន្ធកីឡាវាយសីសហការជាមួយ សមាគមចិននៅ កម្ពុជាបង្កើតឡើង ក្នុងគោលបំណងបង្កើនរិតចំណងសាមគ្គីភាព មិត្តភាពរវាងមន្រ្តីរាជការ កម្ពុជា និងវិនិយោគិនចិន ដែលមកវិនិយោគនៅកម្ពុជា ជាពិសេស គឺដើម្បីបំផុសវិស័យកីឡា វាយសីដល់ស្រទាប់យុវជនឱ្យយុវជនងាកមកចាប់អារម្មណ៍លើកីឡាវាយសី ហ្វឹកហាត់ ដើម្បី សុខភាព និងជៀសឆ្ងាយពីគ្រឿងញាន និងអំពើរអបាយមុខផ្សេងៗ។
សូមបញ្ជាក់ថា ថ្វីដ្បិតតែព្រឹត្តិការណ៍នេះជាការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្តែក៏មានប្រាក់ រង្វាន់លើកទឹកចិត្ត ជូនដល់ម្ចាស់ជ័យលាភី ដោយវិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់១.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ ទទួលបាន២០០ដុល្លារ។ វិញ្ញាសា ប្រកួតឯកត្ដជន វាយគូរបុរស និងវាយគូរចម្រុះបុរសនារី ចំណាត់លេខ១ ទទួលបានទឹកប្រាក់ ៥០០ដុល្លារ លេខ២ ទទួលបានទឹកប្រាក់ ២០០ដុល្លារ និងចំណាត់លេខ៣ ទទួលបានទឹក ប្រាក់១០០ដុល្លារផងដែរ៕