ក្រុមបាល់ទាត់អាជីពភ្នំពេញក្រោនបានយកឈ្នះក្រុមឈរកំពូលតារាងលីគលំដាប់ទី២ វិសាខា ដោយលទ្ធផល ៣ទល់១ នៅក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ នៅកីឡដ្ឋាន RSN កាលពីល្ងាចមិញ។

ការប្រកួតមិត្តភាពនេះ ស្របពេលដែលលីគកំពូលកម្ពុជាកំពុងសម្រាកបណ្ដោះអាសន្ន ដើម្បីឲ្យក្រុមក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាមួយនេះបានបង្កើនបច្ចេកទេស ត្រៀមចូលរួមប្រកួត នៅជើងទី២ នារដូវកាល ២០១៧នេះ ដើម្បីប្រជែងយកដំណែង ក្នុង៤ក្រុមលើកំពូលតារាង។ ក្រុមម្ចាស់ផ្ទះបាននាំមុខ លើក្រុមភ្ញៀវ ១គ្រប់ នៅតង់ទី១ បន្ទាប់មកទើបភ្នំពេញក្រោនបន្ថែម ២គ្រាប់ទៀត នៅដើមតង់ទី២ ខណៈក្រុមវិសាខារកបាន១គ្រាប់វិញ។

ដោយរងសម្ពាធក្រោយការនាំមុខពីម្ចាស់ផ្ទះបានធ្វើឲ្យក្រុមវិសាខាវាយបកយ៉ាងខ្លាំង តែមិនទាន់បាសម្រេច ផង មានកីឡាករ២នាក់ បានបង្កកំហុសមិនអាចលើកលែង ដោយត្រូវបានអាជ្ញាកណ្ដាលសម្រេចលើកកាតក្រហមពិន័យ ដោយមិនយោគយល់ជាការប្រកួតមិត្តភាពឡើយ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំនេះ គឺជាការត្រៀមបន្ដការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីសប្ដាហ៍ទី១៧ ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី១៤ ខែតុលាខាងមុខ របស់ក្រុមភ្នំពេញក្រោន ដែលកំពុងឈរលេខរៀងទី៣ និងមាន៣១ពិន្ទុ ត្រូវជួបក្រុមឈរលេខ២ ណាហ្គាវើលមាន ៣២ពិន្ទុក្នុងដៃ គ្រាដែលក្រុមវិសាខា កំពុងអង្គុយចាំនៅវគ្គផ្ដាច់ព្រ័ត្រនៃលីគលំដាប់ទី២៕