ការ​ប្រកួត​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​​ ​Metfone Cambodian League នឹង​ត្រូវ​ឈប់​សម្រាក​ក្រោយ​ចប់​សប្ដាហ៍​ទី​៣ ​នេះ​ដើម្បី​រៀប​ចំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ឡាវ​ និង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​ AFC Asian Cup ជាមួយ​អាហ្វហ្គានីស្ថាន។

ដោយ​ស្រប​ទៅ​តាម​កាល​វិភាគ ​FIFA DAY ឬ​ International Breakបាន​មក​ដល់​ ហើយ​ក្រុម​ជម្រើស​ជាតិ​នានា​ក្នុងពិភពលោក​ដែល​មាន​ភារកិច្ច​ត្រូវ​ប្រកួត​មិត្តភាព ​និង​ពាន​រង្វាន់​ផ្សេងៗ​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់​ជាតិ​បាន​សម្រេច​ឲ្យ​មាន​ការ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី​១៩​មីនា​ ដល់​ថ្ងៃ​ទី​០៦ ​មេសា ​ឆ្នាំ​២០១៨ ដើម្បី​ទុក​ពេល​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ធ្វើ​ដំណើរ​និង​ហ្វឹកហាត់​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​លក្ខណៈ​អន្តរជាតិ។

កម្ពុជា​ត្រូវ​ប្រកួត​មិត្ត​ភាព​ជាមួយ​ជម្រើស​ជាតិ​ឡាវ​ នៅ​ថ្ងៃ ​ទី​ ២១​ ខែ ​មីនា​ឆ្នាំ​២០១៨​ នៅ​ទី​ក្រុង​វៀងចន្ទន៍​ ខណៈ​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup UAE Qualifiers Final Round ជាមួយ​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាននៅ​ថ្ងៃ​ទី​ ​២៧ ​មីនា ​ឆ្នាំ​២០១៨ ​ក្នុង​ទឹក​ដី​កណ្ដាល​ប្រទេស​​តាហ្ស៊ីគីស្ថាន​៕