ព្រឹត្តការណ៍ប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជ្រើសរើសជើងឯករាជធានីភ្នំពេញលើទី១ ដែលបានចាប់ផ្តើមប្រកួតតាំងថ្ងៃទី២៤ ខែកក្តដាកន្លងទៅនេះ ត្រូវបានប្រកាសបិទហើយ កាលពីព្រឹកថ្ងៃទី២៨ ខែកក្តដា ម្សិលមិញ នៅសង្វៀន កងយោធពលខេមរភូមិន្ទ ក្រោយពីរកឃើញម្ចាស់ម្ចាស់ជើងឯកលើគ្រប់វិញ្ញសា ទាំងអស់ផងដែរ ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រដាល់សកល និងគុនខ្មែរលើកទី១នេះ មានក្លឹបចូលរួមចំនួន៧ ក្នុងនោះប្រភេទកីឡាប្រដាល់គុនខ្មែរមានទម្ងន់ចាប់ ៥១គីឡូក្រាម ដល់៧១គីឡូក្រាម មានចំនួន៣១នាក់ និងប្រដាល់សកល មានប្រភេទទម្ងន់៤៥គីឡូក្រាម ដល់៦៩គីឡូក្រាម មានចំនួន១៦នាក់។ ឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាទាំងអស់ ទាំងពីរប្រភេទកីឡា ដោយក្នុងនោះ ប្រដាល់គុនខ្មែរ វិញ្ញាសា ទម្ងន់៦៧គីឡូក្រាម លេខ១ បានទៅលើកីឡាករ ភុន សោភ័ណ្ឌ មកពីក្លឹបនាគរាជមានជ័យ។ ចំពោះ៦៣,៥គីឡូក្រាម លេខ១ កីឡាករ ពុធ សំអន មកពីក្លឹបពុទ្ធសិរីវង្សពោធិ៍សែនជ័យ។ ចំណេកប្រភេទទម្ងន់ ៦០គីឡូក្រាម លេខ១ បានទៅកីឡាករ មាស សារាក់ ក្លឹបនិរោធន៍សែនជ័យ។ សម្រាប់ផ្នែកប្រដាល់សកល ទម្ងន់៦០គីឡូក្រាម លេខ១ បានទៅកីឡាករ សាម៉ៃ សួន ក្លឹបកុមារទេព។ ចំណែកឯ ប្រភេទទម្ងន់ ៦៩គីឡូក្រាម ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ សំអាន ឌុន ក្លឹបអេភូថង។ សម្រាប់ប្រភេទទម្ងន់ផ្សេងៗ ទៀត ក៏បានរកឃើញម្ចាស់ជើងឯកលើប្រភេទទម្ងន់មួយចំនួនទៀត ដោយមានចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ២ និងលេខ៣ លើគ្រប់វិញ្ញាសាទាំងអស់ផងដែរ។
ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ដែរថា ការរកឃើញនូវជ័យលាភី នាថ្ងៃនេះ គឺជាខិតខំរួមគ្នារបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ត្រីជំនាញរបស់សហព័ន្ធ ដើម្បីបណ្តុះបាននូវថ្នាល និងធនធានកីឡាករ សម្រាប់ជាតិ នាថ្ងៃអនាគត ជាពិសេសគឺអ្វីៗទាំងអស់នេះ គឺជាជំហានមួយ ក្នុងដំណើរឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕