កីឡាករ កីឡាការិនី ៨រូប កំពុងហ្វឹកហាត់បង្កើនបច្ចេកទេសត្រៀមចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោក នាពាក់កណ្តាលខែវិច្ឆិកា ខាងមុខ ដោយមានកីឡាករ ៤រូប និងកីឡាការិនី ៤រូប ខណៈការប្រកួតកន្លងមកយុរជនប៉េតង់កម្ពុជា ប្រកួតបានត្រឹមវគ្គ១/៤ ប៉ុណ្ណោះ។ នេះបើតាមឲ្យដឹងពីលោក អ៊ុក យ៉ារី គ្រូបង្វឹកប៊ូល និងប៉េតង់យុរជនថ្នាល់ កាលពីពេលថ្មីៗនេះ។
គ្រូបង្វឹកជម្រើសរើសជាតិយុវជនថ្នាល់រូបនេះ បន្ថែមថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនេះ ជាលើកទី២ ហើយរបស់យុវជនកម្ពុជា ដោយកាលពីលើកទី១ នៅប្រទេសថៃ កម្ពុជាឈានចូលដល់ វគ្គ ១/៤ ប៉ុន្តែសម្រាប់លើកទី២នេះ លោកសង្ឈឹមថា កម្ពុជានឹងអាចធ្វើបានល្អជាងឆ្នាំមុន ឈានដល់ វគ្គ ១/២ ឬក៍ដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានខិតខំហ្វឹកហាត់បង្កើនបច្ចេកទេសរបស់ពួកគេជារៀងរាល់ថ្មី និងពេញលេញនិងត្រៀមលក្ខណៈបានល្អជាងការហ្វឹកហាត់ត្រៀមលើកទី១ ។
លោកបន្ថែមទៀតថា សម្រាប់កម្មវិធីហ្វឹកហាត់របស់ថ្នាលយុវជននេះមានរយៈពេញមួយឆ្នាំតែម្តង ពោលគឺចាប់ពីខែមករាមកម្លេះ រហូតដល់ដំណាច់ឆ្នាំ២០១៧ ដោយគោលដៅទាំងអស់នេះគឺដើម្បីបណ្តុះបណ្តាលថ្នាលយុវជនឲ្យមានសមត្ថភាពរឹងមាំ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែចុងឆ្នាំ២០១៧នេះ ថ្នាលយុវជនរបស់លោកនឹងនឹងត្រូវទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន២ផ្សេងៗពីគ្នា គឺទី១ព្រឹត្តិការណ៍ប៊ូល និងប៉េតង់យុវជនទ្វីបអាស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ តុលា នៅប្រទេសឡាវ រីឯការប្រកួតជម្រើសជើងឯកយុវជនពិភពលោកធ្វើនៅប្រទេសចិន នៅខែវិច្ឆិកាខាងមុខ។
លោកបន្ថែមថា សម្រាប់ការប្រកួតជើងឯកពិភពលោកនេះ មានប្រទេសចូលរួមជាង ៥០ប្រទេស ភាគច្រើនមកពីខាងអឺរ៉ុប ហើយប្រទេសដែលជាឧបស័គ្គរបស់កម្ពុជានោះ មានបារាំង អេស្ប៉ាញ ម៉ាដាហ្គាស្កា ហើយតំបន់អាស៊ី គឺមានប្រទេសថៃ ជាឧបស័គ្គធំរបស់កម្ពុជា ហើយសម្រាប់ឡាវ ម៉ាឡេស៊ី មិនជាបញ្ហាចោតអ្វីរបស់កម្ពុជាទេ៕