កីឡាករ ចាន់ វឌ្ឍនាកា អត្តពលិកផ្នែកកីឡាបាល់ទាត់ នៅព្រឹកថ្ងៃសុក្រ នេះបានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថាក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានទទួលស្គាល់ទំព័រ (Page) របស់ខ្លួនដែលមានអ្នកចុច Like ជាង២០ម៊ឺននាក់ ជាផ្លូវការហើយ។
បង្ហាញមកពីប្រទេសជប៉ុន កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ជាក់ខ្លឹមសារថា៖«ព្រឹកនេះពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលផេករបស់ខ្ញុំត្រូវបានទទួលស្គាល់ជាផ្លូវការ រាល់ព័ត៌មាន និង សកម្មភាពមួយចំនួនខ្ញុំនឹងផូស (Post) ចូលទៅក្នុងផេកនេះ។ អរគុណដែលបាន like and share pageនេះ»។
សូមបញ្ជាក់ថារាល់គណនី ឬ ទំព័រហ្វេសប៊ុកណាមួយដែលទទួលស្គាល់ជាផ្លូវការគឺមានសញ្ញា រង្វង់មូលពណ៌ខៀវគូសគ្រីសកណ្ដាលពណ៌ស។ ភាគច្រើនបុគ្គលល្បីឈ្មោះមិនថាផ្នែកនយោបាយ តារាចម្រៀង ឬកីឡាករ-កីឡាការិនី សុទ្ធតែក្រុមហ៊ុនហ្វេសប៊ុកទទួលស្គាល់ជាផ្លូវការ។
វឌ្ឍនាកា ដែលក្លិបបាល់ទាត់ Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន (J3-League) ខ្ចីជើងកាលពីដើមឆ្នាំ២០១៧ នេះគឺជាអត្តពលិករបស់កម្ពុជា ទី២ ហើយដែលត្រូវបានក្រុមហ៊ុន Facebook ទទួលស្គាល់ជាផ្លូវការបន្ទាប់ពីវីរៈកីឡាការិនី សន សៀវម៉ី ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) ក្នុងឆ្នាំ២០១៧ លើផ្នែកកីឡាតេក្វាន់ដូ (WTF)៕