ព្រឹត្តការណ៍រត់ប្រណាំងអន្តរជាតិ ចក្រភពខ្មែរ លើកទី៤ រត់ចម្ងាយតាមស្តង់ដារអន្តជាតិ ៤២គីឡូម៉ែត្រ មានអ្នកចុះឈ្មោះរត់ចំនួន ៣២៥៥នាក់ហើយ ក្នុងនោះមានប្រជាជនខ្មែរចំនួន ១៧៥៥នាក់ បរទេសចំនួន ១៥០០នាក់ មកពី ៥១ប្រទេស ខណៈដែលឆ្នាំនះអ្នកចូលរួមរត់ច្រើនជាងគេមកប្រទេសចិន ចំនួនរហូតដល់ ៦០០នាក់។ នេះបើតាមការថ្លែងឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកក្តដានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។
លោកអគ្គលេខាធិការ បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រាសាទ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ព្រោះថាអំឡូងខែសីហាខាងមុខ ជាដំណាក់កាលបៃតង ឬភ្ញៀវទេសចរណ៍ធ្លាក់ចុះ។ តាមរយៈព្រឹត្តិការណ៍ពិតជាល្អប្រសើរណាស់ ដោយរយៈពេលតែ ៣ថ្ងៃមានភ្ញៀវទេសចរចូលមកខេត្តសៀមរាបរហូតដល់ ៣ពាន់នាក់ ហើយព្រឹត្តិការណ៍ទេសចរណ៍នេះ ក៏បានផ្សាភ្ជាប់ជាមួយការងារសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរដោយឆ្នាំមុន បានផ្តល់ថវិកាដល់មន្ទីរពេទ្យកុមារអង្គរចំនួន ៤ពាន់ដុល្លាររួចហើយ ។ មួយវិញទៀតក៏ជាការបំផុសស្មារតីចូលរួមចំណែកក្នុងការការពារបរិស្ថាន ទេសចរណ៍ស្អាតនៅតំបន់ប្រាសាទអង្គររបស់ប្រទេសកម្ពុជាយើងផងដែរ។
អគ្គលេខធិការ NOOC បន្ថែមទៀតថា គណៈកម្មការរៀបចំកម្មវិធិអន្តរជាតិនេះ កំពុងផ្តោតការយកចិត្តដាក់ទៅលើទីផ្សារប្រទេសចិន ស្របទៅតាមយុទ្ធសាស្ត្រទេសចរណ៍ពិភពលោក ដោយកម្រិតជើងយន្តហោះភ្ញៀវទេសចរណ៍ត្រឹម ៣ពាន់នាក់មិនជាបញ្ហាអ្វីសម្រាប់ប្រទេសកម្ពុជាយើងទេ ប៉ុន្តែសម្រាបព្រឹត្តិការណ៍ Haft Marathon នៅខែធ្នូ មានអ្នកចូលរួមរត់រហូតដល់ជិត ១ម៉ឺននាក់ និងចុះឈ្មោះរត់រាប់រយនាក់ទៀត ខកខានជើងហោះហើរមិនបានចូលរួម ដូច្នេះយើងកំពុងធ្វើការទំនាក់ទំនង បណ្តាប្រទេសនានា ជាពិសេសប្រទេសចិន និងសាហរដ្ឋអាមេរិក ដើម្បីផ្តល់សិទ្ធិ និងភាពងាយស្រួលដល់អត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នៅប្រទេសកម្ពុជា។
លោកសង្ឃឹមថា ចំនួនអ្នករត់ឆ្នាំនេះ នឹងមានកើនឡើង ០៥% ទៅ ១០% បើធៀបទៅនឹងឆ្នាំមុន ដោយអ្នករត់ ៤២គីឡូម៉ែត្រលក្ខណៈអាជីពមាន ជាង៥០០នាក់, ២១គីឡូម៉ែត្រមានចំនួន ៦០០នាក់ និង១០គីឡូម៉ែត្រ ជិត៥០០នាក់ និងប្រជាពលរដ្ឋរត់កម្សាន្ត ជាង១ពាន់នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ចក្រភពខ្មែរ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ខាងមុខ នៅតំបន់អង្គរ ខេត្តសៀមរាប៕