ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងត្រូវចេញដំណើរ ពីមាតុប្រទេសរបស់ខ្លួន នៅល្ងាចថ្ងៃពុធនេះ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាកន្លែងប្រារព្ធ ពិធីប្រកួតពានរង្វាន់ Davis Cup ក្រុម៣ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨។ នេះបើតាម ការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅទីលាន Cambodian Country Club រាជធានីភ្នំពេញ។
លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា សម្រាប់កីឡាករ ទាំង៥រូប បានត្រៀមខ្លួនរួចរាល់ហើយ និងបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជារឿងសំខាន់សម្រាប់ខ្លួនឯង មិនមែន គ្រាន់តែជាការប្រកួតធម្មតាៗនេះទេ។ ព្រឹត្តិការណ៍កីឡា វាយកូនបាល់កម្រិតពិភពលោក DAVIS CUP ក្រុម៣ ទ្វីបអាស៊ី-អូសេអានី នៅប្រទេស វៀត ណាមឆ្នាំ២០១៨ នេះមានប្រទេសចំនួន៩ចូលប្រជែង រួមមានម្ចាស់ផ្ទះរៀតណាម ហ្ស៊កដានី កម្ពុជា ម៉ាឡេស៊ី ប៉ាស៊ីហ្វិចអូសេអានី កាតា ស៊ីរី និងគុយវ៉ែត។ កីឡាករជម្រើសជាតិកម្ពុជា ៥នាក់ រួមមាន៖ កីឡាករ ប៊ុន កេន្នី, ម៉ម ផល្គុណ, ឡុង សំនៀង, ឱ សារិទ្ធ, និងគីម ឌែលតុន។
លោក បុរី ស៊ីលីវ៉ាន់ អ្នកគ្រប់គ្រងក្រុមហ៊ុន Khmer Beverages ដែលបានចូលរួម ឧបត្ថម្ភដល់សហ ព័ន្ធកីឡាវាយ កូនបាល់កម្ពុជាបានលើកឡើងដែរថា សម្ព័ន្ធភាពថ្មីនេះមាន សារៈសំខាន់ណាស់ ក្នុងការបោះជំហានឆ្ពោះទៅ រកការស្តារឡើងវិញនូវភាពខ្លាំងក្លារបស់ កីឡាវាយកូនបាល់កម្ពុជា។ លោកបន្តទៀតថា ការគាំទ្រកីឡាកម្ពុជា គឺជាធាតុសំខាន់ នៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់លោក ហើយបានផ្សាភ្ជាប់ជាមួយ នឹងកីឡា ជាច្រើនដូចជា កីឡាបាល់ទាត់ កីឡាជិះកង់ និងម៉ារ៉ាតុងហើយលោកបានចូលរួម ក្នុងវិស័យ កីឡាវាយ កូនបាល់តាមរយៈទិសដៅវិជ្ជមានដែលខ្លួនបានធ្វើនៅក្នុងប៉ុន្មាន ឆ្នាំចុងក្រោយ នេះ៕