សហព័ន្ធកីឡាបាល់ទាត់អាសុី បានបើកការសើុបអង្កេតបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានការរំលោភបំពានច្បាប់ការប្រកួតនៃវគ្គជម្រុះតំបន់អាសុី FIFA World Cup 2018 នៅក្នុងការប្រកួតលើកចុងក្រោយកាលពីថ្ងៃទី ៥ កញ្ញា ឆ្នាំ២០១៧។ ស្របពេល AFC បានកំពុងរង់ចាំទទូលរាល់របាយកាណ៍ពាក់ព័ន្ធទាំងអស់។

AFC ក៏បានសហការគ្នាជាមួយអង្គភាពគ្រប់គ្រង់កីឡាបាល់ទាត់ពិភពលោក FIFA ដើម្បីទទួលបានរាល់របាយការណ៍ចាំបាច់ និងសំខាន់ ដែលស្ថិតនៅក្រោមយុត្តាធិការ FIFA។

កាលពីខែ មិថុនា កន្លង នៅក្នុងលិខិតរបស់AFC ដែលបានផ្ញើទៅរាល់សហព័ន្ធបាល់ទាត់ប្រទេសនីមួយៗនៅក្នុងតំបន់អាសុី ដោយមានខ្លឹមសារ « ត្រូវតែគោរពគោលការណ៍អព្យាក្រឹតភាពនយោបាយ »។

លិខិតដែលផ្ញើដោយ AFC បានសង្កត់ធ្ងន់ថាគោលការណ៍នេះគឺជាគ្រឹះនៃ AFC និងចលនាកីឡាអន្តរជាតិ ហើយត្រូវបានឆ្លុះបញ្ចាំងតាមមាត្រា ៣.២ នៃលក្ខន្តិកៈរបស់ AFC ដែលចែងថា «AFC មានលក្ខណៈអព្យាក្រឹតនៅក្នុងរឿងនយោបាយ និងសាសនាទាំងអស់»។

នៅក្នុងលិខិតដដែលបានបន្ថែម សហព័ន្ធបាល់ទាត់ទាំងអស់ ត្រូវបានភ្ជាប់ជាមួយមាត្រា ១៤.៤ ដែលមានន័យថា « សមាជិកទាំងអស់ត្រូវគ្រប់គ្រងកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងដោយគ្មានឥទ្ធិពលហួសហេតុពីភាគីទីបីឡើយ »។

លិខិតនោះបានបន្តទៀតថា «AFC អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យគោរពគោលការណ៍គ្រឹះទាំងនេះដែលកំពុងឆ្ពោះទៅមុខ។ ក្នុងន័យនេះ AFC រំលឹកឡើងវិញមាត្រា ៦ នៃលក្ខន្តិកៈដែលចែងថា: ” រាល់បុគ្គល និងអង្គភាគ ដែលធ្វើការដោយផ្ទាល់ រឺប្រយោល ទៅនឹងលក្ខន្តិកៈទាំងនេះត្រូវតែគោរពតាមលក្ខន្តិកៈ និងបទបញ្ជាសេចក្តីណែនាំ និងការសម្រេចចិត្តរបស់ AFC»៕