ក្លិប Shanghai Shenhua លេងនៅលីគកំពូលចិនបានដាក់គោលដៅនាំយកអតីតគ្រូបង្វឹកក្លិប Barcelona លោក Luis Enrique ដើម្បីមកជំនួសតំណែងលោក Gustavo Poyet ដែលបានលាឈប់ពីតំណែង។

Enrique ដែលផុតកិច្ចសន្យាកាលពីខែ មិថុនា ឆ្នាំមុនជាមួយ Barcelona ទំនងអាចនឹងមកជួយក្លិបចាយលុយច្រើន ប៉ុន្តែពុំសូវកាក់កបដោយបច្ចុប្បន្នកំពុងឈរលេខ១២ក្នុងលីគកកំពូលចិន និងធ្លាក់ចេញពីវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ AFC Champions League ក្រោមការដឹកនារបស់លោក Gustavo Poyet។

លោក Luis Enrique

Gus Poyet បានចុះចេញពីតំណែងអ្នកចាត់ការទូទៅក្លិប Shanghai Shenhua ក្រោយចាញ់ Henan Jianye ២ទល់១ នៅក្នុងលីគកំពូលចិនកាលពីថ្ងៃ អាទិត្យ កន្លងទៅ។

កាលចាញ់៤លើកជាប់គ្នានេះ បានរុញច្រានអោយក្លិបទៅដល់លេខ១២ ដោយមានគម្លាតគ្នាត្រឹម៨ពិន្ទុពីតំបន់កាត់ចោល ខណៈនៅសល់ត្រឹម៧ប្រកួតទៀតមុនបញ្ចប់រដូវកាល។

លោក Gustavo Poyet

« លោក Poyet បានធ្វើស្នើសុំចុះចេញពីតំណែងជាគ្រូបង្វឹកក្លិប Shanghai Sheuhua ថ្ងៃនេះ»។

« បន្ទាប់ពីបានធ្វើការពិចារណា ក្លិបក៏បានយល់ព្រមនៅសំណើរបស់លោក Poyet  ដោយចាប់ពីថ្ងៃនេះទៅលោកលែងជាគ្រូបង្វឹករបស់ក្រុមទៀតហើយ»។

អតីតគ្រូបង្វឹក និងបច្ចុប្បន្នជាអ្នកនាយកបច្ចេកទេស លោក Wu Jingui នឹងត្រូវចូលមកកាន់តំណែងជាបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាល៕