ខ្សែបម្រើសញ្ជាតិអូស្ត្រាលី Aaron Mooy បានទាត់បញ្ចូលទីមួយគ្រាប់អោយ Huddersfield Town ឈ្នះការប្រកួតទី២ ទៅលើក្លិប Newcastle United ១ទល់០ និងជាគ្រាប់បាល់ទី១នៅក្នុងលីគកំពូលអង់គ្លេស។

គ្រាប់បាល់បានកើតឡើងនៅនាទី៥០ដោយបានទាត់កោងផុតខ្សែការពារ២នាក់ ខណៈអ្នកចាំទី  Rob Elliot មិនអាចជួយសង្គ្រោះបាននោះទេ។

រំលឹកថា កីឡាករជម្រើសជាតិអូស្ត្រាលី Aaron Mooy បានចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិប Huddersfield Town សមាជិកថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេសជាមួយតម្លៃខ្លូនឯកត្តកម្មដល់ទៅ៨លានផោន នឹងអាចកើនឡើងដល់១០លានផោន ជាមួយកិច្ចសន្យាផុតនៅឆ្នាំ២០២០។

ខ្សែបម្រើវ័យ២៦ឆ្នាំ លេងបាន៤៨ប្រកួតកាលពីរដូវកាលមុនបន្ទាប់ពីត្រូវបានខ្ចីជើងពីក្លិប Manchester City មកលេងអោយក្លិប Huddersfield នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជួយអោយក្រុមឡើងមកលេងលីគកំពូលអង់គ្លេស។

Mooy ត្រូវបានចុះកិច្ចសន្យាពី City Football Group ក្លិប Melbourne City ដោយពុំមានតម្លៃខ្លួនដោយមិនបានបង្ហាញខ្លូនមួយប្រកួតណាឡើយនៅ Manchester City ក៏ត្រូវបានដាក់អោយខ្ចីជើងទៅHuddersfield កាលពីរដូវកាលមុន។