ម្ចាស់​ជើង​ឯក​ ​Thai FA Cup 2017, Chiangrai United បាន​ទទួល​ជោគជ័យ​ក្នុង​ចុះ​កិច្ច​ព្រមព្រៀង​ យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​កីឡាករ Kyaw Ko Ko ពី​ក្លឹប ​Yangon United ដែល​កំពុង​លេង​ក្នុង​ Myanmar National League។

កិច្ចព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ​បាន​យល់​ព្រម​រួច​ហើយ ​ខណៈ​កុង​ត្រា​មាន​រយៈ​កាល​មួយ​រដូវ​កាល ​បើ​តាម​ប្រភព​ផេក​ហ្វេស​បុក​របស់​ក្លឹប​ Yangon United។ ដំបូង​ឡើយ​ ប្រធាន​ក្លឹប Chiangrai United លោក Miti Tiyapairat បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ថា​ក្លឹប​នឹង​មិន​ចុះ​កុង​ត្រា​យក​កីឡាករ​អាស៊ាន​ណា​ម្នាក់​ក្នុង​រដូវ​កាល​នេះ​ទេ។

បែប​ណា​ក្ដី​! ដោយ​សារ​ក្រុម​មួយ​នេះ​មាន​ការ​ប្រកួត​ប្រជែង​ធំ​ដល់​ទៅ​៤​ពាន​រង្វាន់​ផ្សេង​គ្នា​ពិសេស​ពាន ​AFC Champions League សម្រាប់​រដូវ​កាល​ក្រោយ​​ ហើយ​ក្លឹប​ក៏​បាន​នាំ​យក​​កីឡាករ​វ័យ​២៤​ឆ្នាំ​មក​ជួយ​ជា​កម្លាំង​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន។

Kyaw Ko Ko នឹង​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​មីយ៉ាន់ម៉ា​ទី​២​ដែល​ទៅ​លេង​នៅ​លីក​កំពូល​ថៃ​នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​Aung Tho បាន​ចុះ​កុង​ត្រា​ជាមួយ​ Police Tero កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន៕