សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ( PSSI ) គ្រោងរៀបចំការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ ដែលស្ថិតក្នុងចំណោមប្រទេសលំដាប់កំពូលទាំង៥ នៃចំណាត់ថ្នាក់ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ។

ប្រធានផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃ PSSI លោក Gatot Widakdo បាននិយាយថា៖ «យើងកំពុងរុករកក្រុមដែលត្រូវបានគេកំណត់គោលដៅ។ យើងនឹងប្រាប់ថាបើសិនជាមានសញ្ញាវិជ្ជមាន ឬយ៉ាងណា»។

Gatot បានបន្តថាការប្រកួតជាមួយក្រុមជម្រើសជាតិកំពូលទាំង៥នៃចំណាត់ថ្នាក់ FIFA នឹងធ្វើឡើងនៅក្នុងកម្មវិធីប្រកួតមិត្តភាពរបស់ FIFA ។

កាលពីមុនអគ្គលេខាធិការរបស់ PSSI កញ្ញា Ratu Tisha Destria ធ្លាប់បាននិយាយពីឱកាសនៃការរៀបចំការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួតជាមួយ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ពិភពលោក ( FIFA )។

ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ PSSI បានលើកឡើងថាការប្រកួតជាមួយនឹងក្រុមជម្រើសជាតិ ដែលមានឈ្មោះហៅក្រៅថា Seleco das Quinas មិនអាចកំណត់បាន។

សម្រាប់ទិន្នន័យចុងក្រោយបំផុតពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជម្រើសជាតិទាំង៥ដែលមានចំណាត់ថ្នាក់លេខពីលេខ១ ដល់លេខ៥ នៃ FIFA រួមមាន អាល្លឺម៉ង់ ប្រេស៊ីល ព័រទុយហ្គាល់ អាហ្សង់ទីន និងបែលហ្ស៊ិក ខណៈក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងឈរនៅលើទីតាំងទី១៦៩ លើពិភពលោក៕

 

រូបភាព: foxsportsasia