គណៈកម្មាធិការជាតិអូឡាំពិកថៃ ( OCT ) បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡា SEA Games 2019 ប្រសិនបើហ្វីលីពីន បោះបង់ជាផ្លូវការ និងពុំមានប្រទេសណាមួយហ៊ានទទួលធ្វើជំនួសនៅក្នុងព្រឹត្តិការណ៍នេះ។ នេះបើយោងតាមសម្ដី លោក Charouck Arirachakaran អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកថៃ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកថៃ ដដែលរូបនេះ បានលើកឡើង ថៃមានសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការរៀបចំទទួលធ្វើចាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។
«យើងមានខេត្តដូចជា ឈៀងម៉ៃ និង ឈុនបុរី ដែលមានទីលានប្រកួតគ្រប់គ្រាន់ និងអាចផ្ទុកចំនួនអត្តពលិកជាច្រើន» លោក Charouck Arirachakaran បន្តសម្ដី។
បុរសវ័យ៨៥ឆ្នាំរូបនេះ បន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកថៃ ( OCT ) នឹងចេញមុខមុនគេ បើសិនជារដ្ឋាភិបាលថៃយល់ព្រមលើការសម្រេចនេះ។
នៅចាំបានថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសកាលពីពេលថ្មីៗនេះ ពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ដើម្បីផ្ដោតទៅលើការរៀបចំទីក្រុងឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធ រវាងកងកម្លាំងសន្តិសុខ ជាមួយពួកសកម្មប្រយុទ្ធឥស្លាម ប៉ុន្តែគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) កំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណាពីការរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ខណៈមកទល់ពេលនេះនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។
បើសិនជារដ្ឋាភិបាលហ្វីលីពីនយលព្រមអោយរៀបចំ នោះបានន័យថា ហ្វីលីពីន នៅតែជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ ២០១៩ ដដែល ស្របពេលដែលថៃក៏មិនចាំបាច់ទទួលសិទ្ធធ្វើជំនួសផងដែរ៕
ចូលអាន: ហ្វីលីពីន បោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ SEA Games 2019
ចូលអាន: POC ហ្វីលីពីន ស្នើប្រធានាធិបតី Duterte ពិចារណាក្នុងការបន្តធ្វើម្ចាស់ផ្ទះដដែល
រូបភាព: chinadaily