Kiatisuk Senamuang ​អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប​ Buriram United បន្ទាប់​ពី​គ្រូ​បង្វឹក​ចាស់​លោក ​Ranko Popovic ​បាន​លា​លែង​ពី​ដំណែង​ក្លឹប​លេង​នៅ​ Thai League 1 មួយ​នេះ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។

Popovic ត្រូវ​បាន​គណៈកម្មការ​វិន័យ​សហព័ន្ធ​បាល់ទាត់​ថៃ ​ពិន័យ​មិន​ឲ្យ​មាន​សកម្មភាព​ជាមួយ​បាល់ទាត់​រយៈ​ពេល​៣​ខែ ​នឹង​ពិន័យ​ប្រាក់​៤​ម៉ឺន​បាត​ ពី​បទ​​ប្រើ​អំពើ​ហិង្សា​អំឡុង​ពេល​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Thai League T1 ជាមួយ​នឹង​ Bankok United​កាល​ពី​ថ្ងៃ​ទី​៣​មិថុនា។

គ្រូ​បង្វឹក​សញ្ជាតិ​​ស៊ែប៊ី​បាន​បញ្ជាក់​ថា​ លោក​មិន​បាន​បង្ក​កំហុស​ និង​បាន​និយាយ​ថា​គាត់​ពិត​ជា​ខក​ចិត្ត ​ដោយ​សារ​ការ​សម្រេច​ចិត្ត​នេះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ លោក​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ជា​គ្រូ​បង្វឹក​ Buriram United តែ​ម្ដង​ទៅ​បើ​មិន​បាន​ដឹកនាំ​ក្រុម​ដល់​ទៅ​បី​ខែឯណោះ។

តាម​ប្រភព ​Bangkok Post ក្រុម​មាន​រហស្សនាម ​​The Thunder Castle កំពុង​រក​គ្រូ​បង្វឹក​មក​ជំនួស​មុន​ពេល​ការ​ប្រកួត​ជើង​ទី​២​ក្នុង​លីក​ត្រូវ​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍​នេះ​​។ អ្នក​គាំទ្រ​ដ៏​លើសលប់​របស់​ក្លឹប​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​​ឲ្យ​អតីត​គ្រូ​បង្វឹក​លោក Kiatisak Senamuang ​អង្គុយ​កៅអី​ក្នុង​ដំណែង​គ្រូ​បង្វឹក​ជំនួស​ Popovic វិញ។

Kiatisak ដែល​កំពុង​នៅ​ទំនេរ​មិន​ទាន់​មាន​ការងារ​ធ្វើ​ ក្រោយ​ប្រកាស​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ថៃ​ តាំង​ពីរ​ខែ​មីនា​ហើយ​ពេល​នេះ ​លោក​កំពុង​សិក្សា​ជំនាញ​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​កូរ៉េខាងត្បូង៕