បន្ទាប់ពីមានក្លិបនៅអ៊ឺរ៉ុប Egy Maulana Vikri ចង់បាន ឥលូវសារពត៌មានឥណ្ឌូណេស៊ី មួយបានអះអាងថា ម្ចាស់ជើងឯកលីគទី២ថៃ រដូវកាល២០១៧ ក្លិប Chainat Hornbill បានដាក់ការចាប់អារម្មណ៍ចង់បានកីឡាករយុវជនអាយុក្រោម១៩ឆ្នាំឥណ្ឌូណេស៊ីរូបនេះមករួមក្លិប។

សារពត៌មានឥណ្ឌូនេស៊ី បានចេញផ្សាយថា Chainat Hornbill បានដាក់សំណើរចង់បាន កីឡាករ Egy Maulana ដោយត្រៀមផ្តល់កិច្ចសន្យារយៈពេល២ឆ្នាំ ដែលអាចទទួលបានប្រាក់បៀវត្សរ៍ ២៣០ពាន់បាត (៧,០០០ ដុល្លារ) និងអាចឡើងដល់ ៣៣០ ពាន់បាត (១០,០០០ ដុល្លារ) យោងទៅលើទម្រង់លេងរបស់គាត់។

 

របាយការណ៍ដដែលក៏បានលើកឡើងផងដែរថា Chainat បានផ្តល់ឱកាសឱ្យ Egy ទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីហ្វឹកហាត់ជាមួយក្លិបនៅ Bundesliga នៅក្រោយបញ្ចប់លីគថៃ។

អនុប្រធានប្រតិបត្តិ ក្លិប លោក A. Nakasai បានលើកឡើងថា៖ «យើងនឹងព្យាយាមបញ្ជូនគាត់ទៅធ្វើតេស្តនៅ Bundesliga ឬ Bundesliga 2 នៅចុងឆ្នាំ២០១៨ អាស្រ័យលើសមត្ថភាព និងអាកប្បកិរិយារបស់គាត់នៅក្នុងរដូវកាល ២០១៨-២០១៩»។

 

Egy Maulana Vikri បានក្លាយជាកីឡាករលេចធ្លោជាងគេនៅការប្រកួត Toulon Tournament ដែលធ្វើឡើងនៅប្រទេសបារាំង កាលពីខែឧសភា នៅពេលដែលគាត់បានចូលរួមជាមួយក្រុម U-19 ឥណ្ឌូណេស៊ី ហើយត្រូវបានជ្រើសរើសជាកីឡាករដែលលេងដ៏ល្អបំផុតនៅក្នុងព្រឹត្តិការណ៍។

កីឡាករវ័យ១៧ឆ្នាំរូបនេះ បន្តភាពរីកចម្រើនរបស់ខ្លួន និងក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុម U-19 ឥណ្ឌូណេស៊ី ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ Youth Championship U-18 AFF នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅខែនេះ និងក្លាយជាម្ចាស់ស្បែកជើងមាសនៃពានរង្វាន់ជាមួយគ្រាប់បាល់ ៨ គ្រាប់ក្នុង៦ប្រកួតរបស់ខ្លួន៕


រូបភាព៖  bola.kompas