បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ឥលូវនេះហ្វីលីពីន បានប្រកាសថាខ្លួននឹងទទួលធ្វើជាម្ចាស់ផ្ទះវិញហើយ។
ជាង១ខែហើយ ដែលហ្វីលីពីន ប្រកាសដកខ្លួនមិនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ មួយនេះនៅឆ្នាំ២០១៩ ខណៈបច្ចុប្បន្នកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី២៩ កំពុងដំណើរការនៅប្រទេសម៉ាឡេស៊ី។
បើយោងតាមសម្ដី របស់លោកស្រី Cynthai Carrion សមាជិកគណៈកម្មាធិការអូឡាំពិកហ្វីលីពីន ( POC ) បានបង្ហើបថា ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games លើកទី៣០នេះវិញហើយ «ពិតណាស់ វាជាការពិត ហ្វ៊ីលីពីននឹងជូនដំណឹងទៅសហព័ន្ធកីឡាស៊ីហ្គេមនៅថ្ងៃសុក្រនេះ ដើម្បីបញ្ជាក់ថាខ្លួននឹងប្ដេជ្ញាធ្វើម្ចាស់ផ្ទះកីឡានេះបន្ទាប់ពីមានការគាំទ្រពី លោកប្រធានាធិបតី Rodrigo Duterte»។ សមាជិកគណៈកម្មាធិការអូឡាំពិកហ្វីលីពីនដដែលបន្ថែម។
លោកស្រី Carrion ដែលបច្ចុប្បន្នកំពុងដើរតួនាទីជានាយបេសកកម្មដែលដឹកនាំអត្តពលិកទៅចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំប្រាកដ ២០០ ភាគរយ ដែលថាយើងនឹងរៀបចំការប្រកួតកីឡា SEA Games 2019 ខាងមុខនេះ»។
គួរំលឹកថាកាលពីថ្ងៃទី២១ ខែកក្កដា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ខាងមុខនេះ។
មូលហេតុចំបង់ដែលនាំអោយមានការបោះបង់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games 2019 រដ្ឋាភិបាលនៃប្រទេសដីកោះមួយនេះ បានថ្លែងប្រាប់ថាគឺដើម្បីផ្ដោតទៅលើការរៀបចំទីក្រុងឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធ រវាងកងកម្លាំងសន្តិសុខ ជាមួយពួកសកម្មប្រយុទ្ធឥស្លាម៕
ចុចអាន: ហ្វីលីពីន បោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ SEA Games 2019
រូបភាព: asiancorrespondent