កីឡាករ Farizal Marlias របស់ក្លឹប Johor Darul Ta’azim ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ពិន័យរយៈពេល១២ខែ មិនឲ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ក្នុងទ្វីបអាស៊ី និងពិន័យជាប្រាក់៤ម៉ឺនដុល្លារ ពីបទការប្រើអំពើហិង្សាលើទីលានកាលពីខែមុន ត្រូវបានបន្ថូរបន្ថយវិញក្រោយតវ៉ាជោគជ័យ។
នៅចាំបានថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ Farizal ត្រូវបានដេញចេញពីការប្រកួត ដោយបានប្រើកណ្ដាប់ដៃវាយទៅលើទ្រូងអាជ្ញាកណ្ដាល ដែលនេះជាការប្រើអំពើហិង្សាមួយ។ ពេលដែលដើចេញពីទីលាន រូបគេបានយកដៃទៅរុញជំនួយការអាជ្ញាកណ្ដាលទី៤ត្រង់ស្មា ដែលនេះជាទង្វើមួយមិនអាចកើតឡើងក្នុងបាល់ទាត់។
បន្ទាប់មក Farizal Marlias ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ពិន័យរយៈពេល១២ខែ មិនឲ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ក្នុងទ្វីបអាស៊ី និងពិន័យជាប្រាក់៤ម៉ឺនដុល្លារ ពីបទការប្រើអំពើហិង្សាលើទីលានអំឡុងប្រកួតជម្រុះ AFC Cup ជាមួយក្រុមហ្វីលីពីន Ceres Negros កាលពីខែមុន
បន្ទាប់ពីធ្វើការតវ៉ា Farizal Marlias ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី លើកលែងមកនៅត្រឹមរយៈពេល៤ខែវិញ សម្រាប់រយៈពេលសាកល្បងមួយឆ្នាំ ប៉ុន្តែសម្រាប់ក្នុងករណីប្រសិនបើកីឡាកររូបនេះ មិនមានការប្រព្រឹត្តអំពើហិង្សានៅក្នុងការប្រកួតផ្លូវការណាមួយទៀតក្នុងអំឡុងពេលសាកល្បងនេះ នោះការដាក់ទណ្ឌកម្មត្រូវបានលើកលែងជាស្វ័យប្រវត្តិ។
ដូច្នេះ Farizal អាចត្រលប់ចូលមកទីលានវិញនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨៕
រូបភាព: aseanfootball