លោក Nelo Vingada គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី មានអារម្មណ៍សុទិដ្ឋិនិយម បន្ទាប់ពីការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីរៀបចំការប្រកួតជម្រុះ Asian Cup ទាំងពីរជើង ទល់នឹងកូរ៉េខាងជើងនៅក្នុងប្រទេសថៃ នៅថ្ងៃទី១០ និងទី១៣ ខែវិច្ឆិកា។

ម៉ាឡេស៊ីស្ថិតនៅបាតតារាងនៃពូល B ដោយមានត្រឹមតែមួយពិន្ទុពីការប្រកួតចំនួន៣ដង ប៉ុន្តែលទ្ធផលវិជ្ជមានជាមួយនឹងក្រុមកូរ៉េខាងជើង អាចនឹងធ្វើឱ្យពួកគេមានលទ្ធភាពសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2019 នៅអារ៉ាប់រួម ឆ្នាំ២០១៩។

លីបង់ គឺជាក្រុមនាំមុខនៅក្នុងពូល ដោយមាន១០ពិន្ទុ នាំមុខ៥ពិន្ទុ ច្រើនជាងក្រុមចំណាត់ថ្នាក់លេខ២ ហុងកុង ខណៈកូរ៉េខាងជើង ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន២ពិន្ទុ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ AFC បានប្រកាសថាការប្រកួតជម្រុះពូល B លើកដំបូងរ វាងកូរ៉េខាងជើង និងម៉ាឡេស៊ី នឹងត្រូវប្រកួតនៅក្នុងប្រទេសថៃ នៅថ្ងៃទី១០ខែវិច្ឆិកា ខណៈការប្រកួតជុំទី២ ដែលម៉ាឡេស៊ី នឹងក្លាយជាក្រុមម្ចាស់ផ្ទះ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសថៃរយៈពេលបីថ្ងៃក្រោយ។

«ខ្ញុំមិនចង់និយាយថាការលេងក្នុងប្រទេសថៃ នឹងក្លាយជាគុណសម្បត្តិសម្រាប់ម៉ាឡេស៊ីនោះទេ ប៉ុន្តែវាពិតជាកាត់បន្ថយពេលវេលាធ្វើដំណើរ (សម្រាប់ការប្រកួតជុំដំបូង) ។ អាកាសធាតុនៅប្រទេសថៃគឺស្រដៀងគ្នានឹងយើងបើប្រៀបធៀបទៅនឹងក្រុងព្យុងយ៉ាងដែលឥឡូវនេះវាត្រជាក់»។ សម្ដីរបស់ លោក Nelo Vingada។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយថា FA របស់ប្រទេសម៉ាឡេស៊ី (FAM) បានស្នើឱ្យការប្រកួតទាំងពីរត្រូវបានលេងនៅក្នុងទីក្រុងបាងកក ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងដោយ AFC ។

លោក Vingada បាននិយាយថាបច្ចុប្បន្នលោកមានបញ្ជីឈ្មោះកីឡាករចំនួន៣០នាក់ ប៉ុន្តែលោកនឹងជម្រុះមកនៅត្រឹម២៤រូប បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ីនាថ្ងៃសៅរ៍។

«អ្វីដែលខ្ញុំអាចនិយាយបានគឺថាកីឡាករភាគច្រើននៅក្នុងបញ្ជីរបស់ខ្ញុំគឺមកពីក្លិប Kedah និង Darul Ta’zim ដែលទាំងពីរក្រុមនឹងប៉ះគ្នា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានម៉ាឡេស៊ី ( Malaysia Cup ) នៅថ្ងៃទី៤ ខែវិច្ឆិកា»។ លោក Nelo Vingada បន្ថែម។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ កន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) សម្រចអោយប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតរវាង កូរ៉េខាងជើង ជាមួយ ម៉ាឡេស៊ី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល B។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមបានលើកជាច្រើនលើកច្រើនសារមកហើយ ដោយលើកទី១ កាលពីខែមិនាកន្លងទៅការប្រកួតរវាងក្រុមទាំង២ត្រូវបានលើក ដោយកាលគ្រានោះស្ថិតក្នុងហេតុផលនយោបាយ និងបានលើកទៅប្រកួតនៅថ្ងៃទី៨ ខែមិថុនា តែក្រោយមកក៏ត្រូវបានលើកពេលជាថ្មីម្ដងទៀត ដោយលើកមកប្រកួតនៅថ្ងៃទី៥ ខែតុលា និងត្រូវបានលើកពេលជាលើកទី២ នេះផ្ទាល់តែម្ដង៕

 

រូបភាព: fourfourtwo