កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា សហព័ន្ធកីឡាបាល់ទាត់របស់ថៃបានប្រកាសតែងតាំង លោក Milovan Rajevac ដែលជាគ្រូបង្វឹកជម្រើសជាតិថៃ ឈុតធំ នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ ជំនួសលោក Worawoot Srimakha ដែលត្រលប់ទៅកាន់តួនាទីជាជំនួយការវិញ។
ការតែងតាំងនេះ គឺដើម្បីត្រៀមខ្លួនចូលរួមពានរង្វាន់ AFC U-23 CHAMPIONSHIP 2018 ជុំផ្ដាច់ព្រ័ត្រ ដែលធ្វើនៅប្រទេសចិន នាដើមឆ្នាំ ២០១៨ ខាងមុខនេះ ជាមួយក្រុមចំនួន១៦។
ជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ បានឡើងទៅប្រកួតនៅក្នុងពានរង្វាន់នេះ បន្ទាប់ពីបានឈ្នះនៅក្នុងវគ្គជម្រុះ ដែលធ្វើឡើងនៅប្រទេសរបស់ខ្លួនផ្ទាល់កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ ក្នុងនាមជាក្រុមលេខ២ល្អ។
គួរបញ្ជាក់ថា លោក Milovan Rajevac បានចូលមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ តាំងពីខែមិនា ឆ្នាំ២០១៧ ថ្មីៗនេះ បន្ទាប់ពីការលាលែងរបស់ លោក Kiatisuk Senamuang៕
រូបភាព: FA Thailand