សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន ហៅកាត់ថា ( PFF ) បានទទួលគម្រោងពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) លើការធ្វើទីលានបាល់ទាត់ថ្មីក្រោមទំហំផ្ទៃដីប្រមាណ២ហិចតា។

ពិធីនេះគឺធ្វើឡើង ក្រោមការចូលរួមពីសមាជិកក្រុមប្រឹក្សារបស់ FIFA និងប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន លោក Mariano V. Araneta Jr រួមជាមួយប្រធានក្រុមហ៊ុនឧទ្យានកម្សាន្ដ Manila Jockey Club បានធ្វើពិធីប្រគល់ទីលានបាល់ទាត់ដែលជាផ្នែកមួយនៃគម្រោងបាល់ទាត់របស់ FIFA សម្រាប់ជាមជ្ឈមណ្ឌលហ្វឹកហាត់ជាតិ។

មជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ជាតិនេះ គឺនឹងសាងសង់ឡើងនៅលើទឹកដីចំនួន២ហិចតា ដែលរួមបញ្ចូលទាំងផ្ទះកីឡាបាល់ទាត់ ( តែមិនទាន់ត្រូវបានសាងសង់នៅឡើយទេ ) មានទីតាំងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននៅ San Lazaro ភាគខាងជើងទីក្រុងម៉ានីល ពោលគឺនៅក្នុងឧទ្យានកម្សាន្ដ Manila Jockey Club ។

គួរបញ្ជាក់ថា គម្រោងវាលបាល់ទាត់កីឡាបាល់ទាត់របស់ FIFA មិនមែនទើបតែចាប់ផ្ដើមនៅឆ្នាំនេះឡើយ ខណៈគម្រោងនេះបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ជាមួយនឹងការចាប់ផ្តើមនៅកន្លែងដូចគ្នា ក្រោមការចូលរួមពីអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Joseph S Blatter និងប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC លោក Shaikh Salman Ibrahim Al-Khalifa ផងដែរ។

 

រូបភាព: pff.org.ph