ក្នុងតំបន់អាស៊ាន នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នេះ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិចំនួន២គូ ដែលជាប្រទេសរួមតំបន់ជាមួយគ្នា រវាងឥណ្ឌូនេស៊ី ជួបជាមួយ កម្ពុជា ទាំង២គូ។
ការប្រកួតទាំង២គូនេះរួមមាន ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ប្រកួត ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាការប្រកួតរវាងឈុតធំដូចគ្នា និងមួយគូទៀតឈុតយុវជនអាយុក្រោម១៩ឆ្នាំ ជាការប្រកួតរវាង U-19 ឥណ្ឌូនេស៊ី ជាមួយ U-19 កម្ពុជា។
ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំទាំង២ប្រកួតនេះ នឹងធ្វើឡើងនៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី នាកីឡដ្ឋាន Patriot Chandrabhaga Stadium ដោយចាប់ផ្ដើមជាមួយការប្រកួតឈុតយុវជនអាយុក្រោម១៩ឆ្នាំមុន នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា មុននឹងបន្តការប្រកួតរវាងក្រុមឈុតធំ នៅវេលាម៉ោង ៩:៣០ នាទីយប់។
សម្រាប់ការប្រកួតនៅក្នុងក្រុមជម្រើសជាតិឈុតធំវិញ ក្រុមទាំង២ទើបតែជួបគ្នា កាលពី២ខែមុន ពោលគឺធ្វើឡើងនៅរាជធានីភ្នំពេញ ដោយលទ្ធផលនៅគ្រានោះ កម្ពុជា បានចាញ់ ឥណ្ឌូនេស៊ី ០ទល់២។
ដោយឡែកសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ វិញ ទាំង២ក្រុមនេះមិនដែលជួបគ្នាពីមុនមកឡើយ ទើបតែជួបគ្នាលើកដំបូងនៅពេលនេះតែម្ដង ដែលអាចនិយាយបានថា ជាការប្រកួតបើកទំព័រប្រវត្តិសាស្រ្តឈុតយុវជនរវាងក្រុមទាំង២ក្នុងឆ្នាំ២០១៧នេះ៕