នាល្ងាចថ្ងៃទី០៥ ខែតុលា នេះ ប្រទេសចំនួន៤ដែលនៅក្នុងតំបន់អាស៊ាន នឹងមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលស្មើនឹង៣គូ រួមមាន មីយ៉ាន់ម៉ា, ថៃ, សិង្ហបុរី និងឡាវ។
គូប្រកួតដំបូងគឺជាការជួបគ្នារវាង ក្រុមដែលនៅតំបន់អាស៊ានត្រូវប៉ះគ្នា ជាការប្រកួតរវាងជម្រើសជាតិមីយ៉ាន់ម៉ា ជាមួយ នឹងជម្រើសជាតិថៃ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះផ្ទាល់។
តាមគម្រោងការប្រកួតរវាងក្រុមទាំង២ នឹងធ្វើឡើងនៅវេលាម៉ោង ៧ល្ងាច នាកីឡដ្ឋាន Mandalar Thiri ដែលស្ថិតនៅក្នុង Mandalay។
ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិឡាវ ជាមួយ ក្រុមជម្រើសកោះហុងកុង ធ្វើឡើងនៅកីឡដ្ឋាន Mogkok Stadium ទីក្រុងហុងកុង ដោយនឹងប្រកួតនាវេលាម៉ោង ៧:០០ ល្ងាច។
គូចុងក្រោយនៃការប្រកួតមិត្តភាពអន្តរជាតិ សម្រាប់សមាជិកក្នុងតំបន់អាស៊ាន គឺជម្រើសជាតិសិង្ហបុរី ជួបប្រកួតជាមួយ ជម្រើសជាតិកាតា ខណៈដែលការប្រកួតនេះគ្រោងធ្វើឡើងនៅប្រទេសកាតា នាកីឡដ្ឋាន Jassim Bin Hamad Stadium ក្នុងទីក្រុងដូហា ដោយប្រកួតនៅវេលាម៉ោង ២៣:០០ នាទីយប់។
បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានចំនួន២ នឹងត្រូវមានភារកិច្ចបន្តដូចជា មីយ៉ាន់ម៉ា ត្រៀមប្រកួតទល់នឹង កៀហ្ស៊ីស៊ីស្ថាន ខណៈ សិង្ហបុរី ត្រូវប្រកួតជាមួយ តូរមីនីស្ថាន ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយប្រចាំពូលរៀងៗខ្លួន ស្របពេលដែលជម្រើសថៃ ត្រូវបន្តការមិត្តភាពជាមួយ កេនយ៉ា មួយប្រកួតទៀតផងដែរ៕
រូបភាព: fourfourtwo & Myanamar Football Federatiom & ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation