ក្លិបបាល់ទាត់ Lao Toyota FC ដែលប្រកបអាជីពនៅលីគកំពូលឡាវ ទទួលសារអបអរពីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) លោក Gianni Infantino ក្រោយទទួលជើងឯកលីគក្នុងឆ្នាំ ២០១៧ នេះ។
សារអបអរពីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក គឺបានធ្វើឡើងតាំងពីខែសីហាមកម្លេះ ដោយលោកបានលើកឡើងថា៖ «Lao Toyota FC គឺជាម្ចាស់ជើងឯកនៃលីគកំពូលឡាវឆ្នាំ២០១៧ ដែលវាផ្តល់ឱ្យខ្ញុំនូវសេចក្តីរីករាយយ៉ាងខ្លាំងបំផុតដើម្បីផ្ញើរអបអរសាទរដ៏កក់ក្តៅរបស់ខ្ញុំសម្រាប់ការឈ្នះជើងឯកជាលើកទី២នេះ»។
សារលិខិតអបអររបស់ លោក Gianni Infantino ទៅកាន់ក្លិប Lao Toyota:
គួររំលឹកថា ក្រុមបាល់ទាត់ Lao Toyota FC បានក្លាយជាម្ចាស់ជើងឯកលីគកំពូលឡាវ ហើយគិតត្រឹមសប្ដាហ៍ទី១១នេះ បើទោះបីជានៅសល់ការប្រកួតចំនួន៣ប្រកួតទៀតដែលមិនទាន់បានបញ្ចប់ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្លិបនេះ បានគ្រងម្ចាស់ជើងឯកពានរង្វាន់លីគកំពូលឡាវជាផ្លូវការ បន្ទាប់ពីដាច់ពិន្ទុក្រុមលេខ២ Lao Police FC រហូតដល់៩ពិន្ទុ។
គួរបញ្ជាក់ថា ក្លិប Lao Toyota FC ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ រយៈពេល៤ឆ្នាំ ចាប់តាំងពីបង្កើឡើងមក ក្លិបនេះបានឈ្នះជើងឯកលីគកំពូលឡាវចំនួន២ដង ពោលគឺនៅឆ្នាំ ២០១៥ និងនៅឆ្នាំ ២០១៧៕
អត្ថបទ: LAO TOYOTA គ្រងជើងឯកលីគកំពូលឡាវ រដូវកាល ២០១៧ ជាផ្លូវការ
រូបភាព: LAO Toyota F.C.