ក្រុមបាល់ទាត់ Johor Darul Ta’zim ដែលបានក្លាយជាម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី ជាផ្លូវការទាំងនៅសល់ការប្រកួតហើយគិតត្រឹមសប្ដាហ៍ទី១៩នោះ គ្រោងធ្វើពិធីអបអរពានលីគកំពូលម៉ាឡេស៊ី មុនលីគបញ្ចប់។

ការធ្វើពិធីនេះក្នុងគ្រាដែលក្លិបឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) លើកទី៤ជាប់ៗគ្នា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។

 

ការប្រារព្ធពិធីអបអរដ៏ពិសេសនេះ នឹងធ្វើនៅភ្លាមៗនៅក្រោយការប្រកួតក្នុងដីចុងក្រោយរបស់ខ្លួននៅរដូវកាល២០១៧នេះ ទល់នឹង Kelantan នាកីឡដ្ឋាន Larkin Stadium ក្នុងរដ្ឋ Johor Baru នាថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ មុនបញ្ចប់ការប្រកួត២ប្រកួតដែលនៅសេសសល់ក្រៅដីទាំង២ប្រកួត។

JDT ដែលមាន៤៥ពិន្ទុនាំមុខរហូតដល់១១ពិន្ទុលើក្រុម Kedah ខណៈការប្រកួតនៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ។

 

 ជាមួយនឹងជ័យជម្នះនេះគឺបានសេចក្ដីថា JDT បានឈ្នះពានរង្វាន់ចំនួនប្រាំពីរដងក្នុងនោះរួមមានពាន Super League ចំនួន៤ពានរង្វាន់ Charity Shields ចំនួន២ និងពានរង្វាន់ FA ចំនួន១ ចាប់តាំងពីក្លិបបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣។

គួររំលឹកថា លីគកំពូលម៉ាឡេស៊ី បានចាប់ផ្ដើមតាំងដើមខែមករា ឆ្នាំ២០១៧ ដោយមានក្រុមចំនួន១២ ចូលរួមប្រកួតប្រជែង នឹងធ្វើការប្រកួតចំនួន២ជើង ក្នុងដី និងក្រៅដី៕

 

រូបភាព: JOHOR Southern Tigers & the-afc