ប្រធានក្លឹប Real Madrid លោក Florentino Perez កំពុងចង់បញ្ចេញកីឡាករឆ្នើម២រូបដើម្បីជាថ្នូរក្នុងការចុះកុងត្រាយកកំពូលខ្សែប្រយុទ្ធឆ្នើម Neymar ពី PSG នៅពេលខាងមុខ។
យោងតាមរបាយការណ៍ពី Don Balon បានឲ្យដឹងថា លោក Florentino Perez ប្រធានក្លឹប Real Madrid កំពុងតែពិចារណាបញ្ចេញកីឡាករឆ្នើម២រូបចេញគឺខ្សែបម្រើ Toni Kroos និងខ្សែប្រយុទ្ធ Gareth Bale ដើម្បីជាថ្នូរឲ្យ PSG ក្នុងការបញ្ចុះបញ្ចូលយក Neymar មកវិញ។ ដោយឡែក ការធ្វើបែបនេះក៏ត្រូវបានគេដឹងថាគឺជាវិធីមួយដើម្បីជួយកាត់បន្ថយការចំណាយរបស់ក្លឹបក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលខាងលើដែលអាចមានតម្លៃថ្លៃខ្ពស់កប់ពពកប្រមាណជាង៣៥៧ លានផោន (៤៧២ លានដុល្លារ)។
យ៉ាងណាមិញ មកទល់ពេលនេះក្លឹប PSG នៅមិនទាន់ចង់លក់ Neymar នោះទេ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញ Real Madrid នៅតែអន្ទះសារចង់បាន ហើយសង្ឃឹមថានឹងអាចយកអតីតខ្សែប្រយុទ្ធ Barcelona ខាងលើមកកាន់ Santiago Bernabeu នៅរយះពេល២រដូវកាលទៀត៕