ក្លឹបបិសាចក្រហម Manchester United កំពុងមានការបារម្ភខ្លាំងពីការចាកចេញរបស់ Angel Gomes នឹងទៅចូលរួមជាមួយ Barcelona នៅរដូវដោះដូរកីឡាករខាងមុខនេះ។
កីឡាករវ័យ១៧ឆ្នាំបានក្លាយជាយុវជនមានវ័យក្មេងជាងគេបំផុត លេងឲ្យបិសាចក្រហមក្នុងក្រុមធំជម្រើសដំបូងចាប់តាំងពី Duncan Edward លេងដំបូងបំផុតកាលពីឆ្នាំ១៩៥៣។ Gomes បានចូលលេងឲ្យក្លឹបក្នុងការប្រកួតចុងក្រោយបំផុតក្នុង Premier Leagueកាលពីរដូវកាលមុនក្នុងខែឧសភា។
រូបគេគឺជាកីឡាករនាំលេងក្នុងឈុតU17 របស់អង់គ្លេសឈ្នះពាន World Cup U17 នៅឥណ្ឌាហើយពេលនេះ Gomes ក៏ជាប្រធានក្រុម Manchester United U18 ផងដែរ។ បែបនេះក្ដី! Gomes មិនទាន់ចុះកុងត្រាជាកីឡាករអាជីពពេញលេញ ជាមួយក្លឹបនៅឡើយ ហើយខាងក្លឹបក៏បានចំណាំទុកពីការចង់បានរបស់ក្លឹបធំៗនៅអឺរ៉ុបទៅលើរូបគេដែរ។
Barcelona បានដេញថ្លៃ Gomes ជាច្រើនដងហើយៗ Man Utd ក៏ខ្លាចដែរថា កីឡាករលេងក្នុងដំណែងលេខ១០ម្នាក់នេះចង់ចាកចេញទៅលេងនៅ Camp Nou។ United អាចនឹងអនុញ្ញាតឲ្យ Angel Gomes ទៅអេស្ប៉ាញប៉ុន្តែ ប្រហែលមិនលក់ដាច់ទេ គឺអាចខ្ចីជើង ឬក៏មានលក្ខខណ្ឌទិញយកមកវិញ។
Mourinho គួរតែផ្ដល់ឱកាសឲ្យ Gomes លេងក្នុងពាន AF Cup ក្នុងឆ្នាំថ្មីខាងមុខ ដើម្បីឲ្យរូបគេបានបង្ហាញសមត្ថភាពថា តើរូបគេអាចបានចូលលេងឈុតជម្រើសដំបូងនៅក្រុមធំ និងដណ្ដើមកៅអី១១នាក់ដំបូងដែរឬអត់។ ប៉ុន្តែអ្វីដែល Man Utd ខ្លាចបំផុតគឺការសម្រេចចិត្តរបស់សាមីខ្លួនដែលមកលេងនៅ Man Utd តាំងពីរវ័យ៩ឆ្នាំផ្ទាល់ ថាតើគេចង់ចាកចេញឬអត់៕