ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាលឆ្នាំ២០១៧ វគ្គជម្រុះដំណាក់កាលទី៣ជុំទី២ បានបញ្ចប់បណ្តើរៗហើយ គិតត្រឹមល្ងាចថ្ងៃពុធ ទី១៧ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយក្រុមអគ្គីសនីកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងខេត្តស្វាយរៀង បានកក់កៅអីឡើងទៅលេងជុំទី៤ ជាបន្តក្រោយយកឈ្នះគូប្រកួតទាំង២ជើងដូចៗគ្នា។
សម្រាប់លទ្ធផលនៅជើងទី២ នេះមានប្រកួត៣គូ ដោយក្រុមព្រៃវែង បើកទ្វាស្វាគមន៍ក្រុមខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង តែស្មើ ៤ទល់៤ (សរុបលទ្ធផលស្វាយរៀង ឈ្នះព្រៃវែង ៩ទល់៧) ហើយក្រុមខេត្តសៀមរាប ចាញ់ក្រុមអគ្គីសនីកម្ពុជា ៧ទល់០ នៅកីឡដ្ឋានខេត្តសៀមរាប (លទ្ធផលទាំងជើងអគ្គីសនីកម្ពុជា ឈ្នះខេត្តសៀមរាប ១៥ទល់០) ចុងក្រោយក្រុមវេស្ទើនភ្នំពេញ ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ២ទល់១ នៅកីឡដ្ឋានវេស្ទើន (លទ្ធផលទាំង២ជើង អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះវេស្ទើន ៣ទល់២)។
ចំណែកប្រកួតផ្សេងទៀតធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដោយមាន៤គូត្រូវប្រកួតគ្នាគឺក្រុមខេត្តកំពត ទទួលក្រុមយុវជនក្រសួងការពារជាតិ វិញនៅកីឡដ្ឋានខេត្តរបស់ខ្លួន ហើយក្រុមខេត្តកំពង់ធំ ប្រកួតជាមួយយុវជនសាលាបាល់ទាត់ជាតិ នៅកីឡដ្ឋានខេត្តកំពង់ធំ ក្រុមខេត្តកំពង់ឆ្នាំង ជួបក្រុមសៀមរាបអង្គរ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមអាស៊ីអឺរ៉ុប ប៉ះស៊ីម៉ាក់ វិញនៅស្តាតចាស់។
ចំពោះលទ្ធផលកាលពីជើងទី១ កន្លងទៅក្រុមយុវជនក្រសួងការពារជាតិ ចាញ់ខេត្តកំពត ១ទល់០ នៅ ហើយក្រុមយុវជនសាលាបាល់ទាត់បាទី ឈ្នះក្រុមខេត្តកំពង់ធំ ៣ទល់០ ក្រុមសៀមរាបអង្គរអែហ្វស៊ី (សូលទីឡូអង្គរ) ឈ្នះខេត្តកំពង់ឆ្នាំង៧ទល់១ ក្រុមស៊ីម៉ាក់ ចាញ់ក្រុមអាស៊ីអឺរ៉ុប ៣ទល់០ ក្រុមខេត្តស្វាយរៀង បានយកឈ្នះក្រុមខេត្តព្រៃវែង ៥ទល់៣ ក្រុមអគ្គីសនីកម្ពុជា យកឈ្នះក្រុមខេត្តខេត្តសៀមរាប ៨ទល់០ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះវេស្ទើនភ្នំពេញ ២-០។
យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះអស់រយៈពេលជាង១០ឆ្នាំមកនេះបានផ្គូរផ្គងរៀបចំការប្រកួតដោយមាន១០គូផ្សេងគ្នា ស្របពេលមាន៣ក្រុមត្រូវឡើងទៅជុំទី៤ដោយស្វ័យប្រវត្តិក្រោយគូប្រកួតដកខ្លួន។ ក្រុមដែលឡើងទៅជុំទី៤ ជាបន្តនោះមានខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ, គីរីវង់សុខសែនជ័យ។
នៅក្នុងវគ្គជម្រុះជុំទី៣ នេះមានក្រុមទាំង៩ ដែលលេងក្របខណ្ឌលីគលំដាប់ទី២ លើកទី១ ក្នុងឆ្នាំ២០១៦ ហើយសមាជិកលីគកំពូលកម្ពុជា៤ក្រុម ក៏ត្រូវចូលរួមក្នុងដំណាក់ទី៣ ផងដែរ ដែលជាក្រុមបាតតារាងកាលពីរដូវកាលមុន រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, ស៊ីម៉ាក់, អាស៊ីអឺរ៉ុប និងក្រុមវេស្ទើន។ ដំណាក់កាលនេះប្រកួតចំនួន ២ជើង ចាប់ពីថ្ងៃទី២ ខែឧសភាដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ក្រុមដែលឡើងមកលេងជុំទី៣ ទាំង៦ក្រុមមាន ខេត្តស្ទឹងត្រែង, ខេត្តព្រៃវែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកំពត និងកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ចំពោះដំណាក់កាលទី៤ វិញតម្រូវឱ្យក្រុមលីគកំពូលកម្ពុជាកម្ពុជា ៦ក្រុម (លេខ១ដល់លេខ៦ កាលពីរដូវកាលមុន) ដែលឈរចាំរួមមានក្រុមបឹងកេតអង្គរ, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមខេមបូឌានថាយហ្គឺរ ត្រូវប្រកួតជាមួយក្រុមខ្លាំងឡើងមកពីដំណាក់កាលទី៣។ ប្រកួតធ្វើឡើង ២ជើងដូចគ្នាដែលចាប់ផ្ដើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់មកគឺជាការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬដំណាក់កាលទី៥ ដែលនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី១២ ខែកក្កដារហូតដល់ថ្ងៃទី០១ ខែតុលា ដើម្បីស្វែងរកក្រុមជើងឯកតែម្ដង៕
រូបថត៖ CNCC