តាមប្រភពវិទ្យុរបស់អេស្ប៉ាញ La Sexta និង Fichajes, Real Madrid កំពុងដាក់ដេញថ្លៃយកខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Timo Werner របស់ក្លឹប RB Leipzing ដើម្បីយកមកជំនួសខ្សែប្រយុទ្ធ Karim Benzema ដែលក្លាយជាប្រធានបទរិះគន់បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវល្អ។
ទោះបីជាលោក Zidane បាននិយាយការពារBenzema បន្ទាប់បីខកខានឱកាសប៉ុន្មានដងអំឡុងប្រកួតស្មើជាមួយ Valencia ក្នុងទឹកដីខ្លួនឯងប៉ុន្តែគេដឹងថាគ្រូបង្វឹកសញ្ជាតិបារាំងចង់រកខ្សែប្រយុទ្ធចំតួម្នាក់ដែលអាចជំនួសកីឡាករវ័យ២៩ឆ្នាំក្នុងការប្រកួតមួយចំនួន។
កាលពីថ្មីៗនេះ Madrid បានខកខានឱកាសក្នុងការចុះកុងត្រាយក Kylian Mbappe ខណៈពួកគេលក់ Alvaro Morata និង Mariano Diaz ក្នុងរដូវដោះដូរកីឡាករ។ Zidane បានហៅឲ្យ Borja Mayoral ពីអាល្លឺម៉ង់មកជួយក្លឹបវិញប៉ុន្តែកីឡាករវ័យ២០ឆ្នាំមិនទាន់អាចបង្ហាញសមត្ថភាពក្នុងការប្រកួតធំៗបានហើយក៏មិនទាន់ទទួលបានការទុកចិត្តពីគ្រូបង្វឹកនៅឡើយទេ។
តាមរបាយការណ៍និយាយថាស្ដេចសបានដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ អំឡុងពេលអាល្លឺម៉ង់ឈ្នះន័រវែស៦ទល់០ហើយ Werner លេងបាន៦៦នាទីរកបាន២គ្រាប់។ កីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងក្រោយលេងឲ្យ Leipzing កាលពីរដូវកាលមុន ដោយរកបាន២១គ្រាប់ក្នុងការចូលលេង៣១ប្រកួត៕