យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប បានឲ្យដឹងថាខ្សែប្រយុទ្ធឆ្នើម Mohamed Salah នឹងធ្វើដំណើរទៅប្រទេសអេស្ប៉ាញនៅថ្ងៃពុធទី៣០ខែឧសភាឆ្នាំ២០១៨ ដើម្បីទទួលការព្យាបាលរបួសស្មា។

សហព័ន្ធក៏បានបន្ថែមទៀតថា Salah បានចាប់ផ្ដើមកម្មវិធីស្ដារនីតិសម្បទាកាលពីថ្ងៃអាទិត្យ និងស្ថិតក្នុងស្មារតីខ្ពស់និងប្ដេជ្ញាត្រលប់មកវិញឱ្យបានឆាប់ដើម្បីជួយក្រុមបានវិញឆាប់ៗ។

ដោយឡែកកីឡាករវ័យ២៥ឆ្នាំ បានបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យថារូបគេមានទំនុកចិត្តថានឹងជាទាន់ World Cup 2018 ដែល អេហ្ស៊ីប បានឡើងដល់ជុំផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងពេល២៨ឆ្នាំ។ សារនោះមានសេចក្ដីថា៖ «វាជារាត្រីដ៏ពិបាក ប៉ុន្តែខ្ញុំជាអ្នកចម្បាំង។ ទោះបីមានរឿងនេះ តែខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងមានវត្តមាននៅរុស្ស៊ីដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នាមោទន។ ក្ដីស្រលាញ់និងការគាំទ្ររបស់ង្នកនឹងផ្ដល់ភាពរឹងមាំដែលខ្ញុំត្រូវការ»។

អតីតសមាជិក Basel, Chelsea, Fiorentina និង Roma ខាងលើ នឹងទទួលការព្យាបាលនៅអេស្ប៉ាញ អមដំណើរដោយប្រធានសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប, វេជ្ជបណ្ឌិតប្រចាំក្រុមជម្រើសជាតិ និងក្រុមគ្រូពេទ្យក្លិប Liverpool៕