ការដោះដូរកីឡាកររបស់ក្រុម Barcelona កាលពីថ្មីៗនេះត្រូវបានគេរិះគន់យ៉ាងព្រោងព្រាត, ប៉ុន្តែលោក Josep Maria Bartomeu រីករាយជាមួយកីឡាករដែលទិញបាននិងមានស្រាប់។
Barcelona គ្មានគម្រោងធ្វើការដេញថ្លៃយកខ្សែប្រយុទ្ធ Juventus កីឡាករ Paulo Dybala ពេលដែលទីផ្សាដោះដូរកីឡាករបើកម្ដងទៀតនៅខែមករានេះទេ បើតាមសម្ដីរបស់លោក Josep Maria Bartomeu។ ខណៈពេលដែល Neymar បំពេញបែបបទធ្វើការផ្ទេរទៅលេងនៅ Paris Saint-Germain, ក្លឹបមានកីឡដ្ឋានឈ្មោះ Camp Nou មួយនេះមានជាប់ទាក់ទងធ្វើការផ្ទេរយកកីឡាករជម្រើសជាតិអាហ្សង់ទីន Dybala។
កីឡាករវ័យ២៣ឆ្នាំបានបង្ហាញថ្វីជើងល្អណាស់ ចាប់តាំងពីមកចូលរួមជាមួយ Juventus ក្រោយចាកចេញពី Palermo កាលពីឆ្នាំ២០១៥ដោយបានជួយក្លឹបឈ្នះ ពាន Serie A ២ដងនិងឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលមុន។ ប៉ុន្តែ Bartomeu ដែលទទួលការរិះគន់យ៉ាងខ្លាំងលើរឿងធ្វើពាណិជកម្មកីឡាករ មិនបានជៅគជ័យតាមការចង់បាន បញ្ជាក់ថា លោកមិនបានដាក់គម្រោងទិញយក Dybala មកលេងនៅអេស្ប៉ាញនោះឡើយ។
“ តើខ្ញុំមើលទៅ Dybala ដោយរបៀបណា? គាត់ជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែយើងរីករាយជាមួយនឹងក្រុមដែលយើងមាន។ គាត់ជាកីឡាកររបស់ Juventus ហើយយើងក៏សម្ដែងការគោរពសម្រាប់ក្រុមសេះបង្កង់ និង ប្រធានក្លឹបរបស់ពួកគេ, Andrea Agnelli”។
Juventus និង Barca នឹងត្រូវជួបគ្នានៅក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ នៃវគ្គជម្រុះក្នុងពូល Champions League៕