ប្រភពមកពីអាល្លឺម៉ង់ឯណោះវិញ បាននិយាយថាក្លឹបតោខៀវ Chelsea បានជ្រើសរើសយកលោក Thomas Tuchel អតីតគ្រូបង្វឹក Dortmund មកធ្វើជាបេក្ខភាពគ្រូបង្វឹកជំនួសលោក Antonio Conte នៅកីឡដ្ឋាន Stamford Bridge។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានចាកចេញពី Dortmund កាលពីខែឧសភា ដោយរឿងមិននឹកស្មានដល់ហើយលោកនឹងសម្រាកពីពិភពបាល់ទាត់។ បុរសវ័យ៤៣ឆ្នាំបានក្លាយខ្លួនជាគ្រូបង្វឹកបង្កើតភាពល្បាញល្បី អំឡុងពេលដឹកនាំក្លឹប Dortmund ហើយធ្លាប់មានទំនាក់ទំនងផ្ទេរមកដឹកនាំក្រុមកាំភ្លើងធំ Arsenal ជំនួសលោក Arsene Wenger កាលពីរដូវកាលមុន។
Conte ឯណេះវិញ បានទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់ អំឡុងពេលមកបង្វឹកកីឡាករ Chelsea ដោយជួយឲ្យក្លឹបមួយនេះឈ្នះពានលីកកំពូលអង់គ្លេស។ ប៉ុន្តែមួយរយៈពេលនេះ រវាងគាត់ជាមួយនឹងក្លឹប ហាក់មិនមានទំនាក់ទំនងមិនសូវល្អ ហើយបើតាមប្រភពមួយចំនួន លោកនឹងបញ្ចប់អាជីពនៅក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដុងហើយ។
ប្រភព Sport Bild ថា GM របស់ Chelsea លោក Marina Granovskaia កំពុងរកគ្រូបង្វឹកមកជំនួស ហើយលោក Tochel គឺជាបេក្ខភាពល្អជាងគេ ហើយអ្នកគ្រប់គ្រង់ទូទៅក្លឹបមួយនេះ នឹងនាំយកបុរសសញ្ជាតិអាល្លឺម៉ង់មកដឹកនាំ Stamford Bridge ម្ដងវិញ។ Marina Granovskaia ត្រូវបានគេដឹងថាជាអ្នកមានឥទ្ធិពលនៅ Chelsea ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយការនាំយក Diego Costa ពី At. Madrid ក៏គាត់ជាអ្នកណែនាំដែរ។
ក្រៅពីអតីតកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ Chelsea ក៏បានមើលឃើញលោក Luis Enrique អតីតគ្រូបង្វឹក Barcelona ជាបេក្ខភាពផងដែរប៉ុន្តែលោក Tochel គឺជាជម្រើសល្អជាង ដោយសារគ្រូបង្វឹករូបនេះចេះភាសាអង់គ្លេសច្បាស់ផងនោះ៕