គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite ជឿថា Neymarនឹងឡើងដល់កម្រិត Lionel Messi និង Cristiano Ronaldo ក្រោយពេលទៅចូលរួមជាមួយក្លឹបមហាសេដ្ឋីបារាំង Paris Saint-Germain។
អតីតកីឡាកររបស់ Barcelona មានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលដែលនឹងត្រូវជួបក្រុមជម្រើសជាតិ អេក្វាឌ័រ និង កូឡុំប៊ី ទោះបីជាក្រុមសំបាមួយនេះមានកៅអីទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup នៅរុស្សីរួចហើយក៏ដោយ។លើសពីនេះ Dani Alves, Thiago Silva និង Marquinho ក៏មានឈ្មោះក្នុងបញ្ជីនេះផងដែរ។
លោកបាននិយាយក្នុងសន្និសីទកាសែតប្រកាសឈ្មោះកីឡាករថា៖” មានកីឡាករបីនាក់ ដែលកំពុងប្រយុទ្ធឆ្ពោះទៅរកដំណែងនេះ គឺ Cristiano, Messi និង Neymar។ Ronaldo និង Messi ស្ថិតក្នុងជំនាន់ខុសគ្នា ហើយ Neymar នឹងឈានទៅដល់ទីនោះ។ វាអាស្រ័យលើការបង្ហាញថ្វីជើងរបស់គាត់ផ្ទាល់ មិនស្ថិតនៅលើស្ថានភាពដែលគាត់លេងជាមួយ Messi នោះទេ”។
ទម្រង់ជម្រើសដំបូង១១នាក់របស់ PSG ដូចទៅនឹងអ្វីដែល Neymar ធ្លាប់លេងនៅ Barcelona ដែលនេះយើងអាចនិយាយបានថាទម្រង់លេងនេះ នឹងជួយកីឡាករវ័យ២៥ឆ្នាំងាយស្រួលលេងជាមួយក្លឹបថ្មី។ នេះគឺជាបង្ហាញរបស់គ្រូបង្វឹកជម្រើសជាតិប្រេស៊ី៖
“ ទម្រង់តាកទិក ដែលត្រូវបានប្រើប្រាស់ដោយParis វាដូចទៅនឹងអ្វីដែលមាននៅBarcelona គឺ៤-៣-៣។ PSG លេងខ្សែប្រយុទ្ធជួរមុខ២នាក់ហើយខ្សែបម្រើប្រយុទ្ធទី៣ជំនួយពីក្រោយ។ខ្ញុំឃើញថាវាមានទម្រង់ដូចតែគ្នាទេ។យើងគ្រាន់តែប្ដូរបុគ្គលិកលក្ខណៈរបស់កីឡាករដែលលេងជំនួយដល់Neymar គឺជាការស្រេច”៕